ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរបានសម្រេចឃុំខ្លួនមន្ដ្រីយោធាទាំង៧នាក់នោះហើយ ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសរក្សាទុកនិងជួញដូរអាវុធដោយខុសច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបងនាពេលកន្លងទៅ។
មន្ត្រីយោធាទាំង៧នាក់ដែលបានចាប់ឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះ អូន ពិសិដ្ឋ មានឋានៈជាឧត្តមសេនីយ៍ត្រី បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃ ក្រសួងការពារជាតិ។
២-មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង
៣-មន្ត្រីយោធាធម្មតា រួមជាមួយមនុស្ស៤នាក់ផ្សេងទៀតមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ដែលមានការពាក់ព័ន្ធ ក្នុងនោះបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញដំបូងចំនួន៣នាក់ ហើយបញ្ជូនមកក្រោយចំនួន៤នាក់ទៀត ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំបានសម្រេចឃុំខ្លួនចទាំង៧នាក់តែម្តង។
បើកាលពីម្សិលមិញ លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា «ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ រួចចេញដីកាសន្និដ្ឋានបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរពីបទជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចតាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។
បើយោងតាមលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើមនៅក្នុងចម្ការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នាយឧត្តមសេនីយ៍បន្តថា មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ឃាត់ខ្លួននៅលង្វែក ខេត្តកំពង់ឆ្នាំង និងបន្តតាមចាប់បានជាបន្តបន្ទាប់ទៀត។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចម្ការមៀនមួយកន្លែងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម។
ពាក់ព័ន្ធករណីនេះ កម្លាំងយោធភូមិភាគទី៥ បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត។ ទីបំផុត ! លោក ហម
ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាទាំង៧នាក់នោះហើយ៕
ដោយ : (រ៉ារ៉ា)