ខេត្តស្ទឹងត្រែង÷នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្ម ការរៀបចំការប្រឡងថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។ ដោយអនុឡោមតាម ស.ជណ លេខ ៤៦៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។
នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។
រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកកាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចយកវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ធ្វើជាមណ្ឌលប្រឡង។
គូរបញ្ជាក់ថា បេក្ខជនប្រឡងសរុបចំនួន ៩៣នាក់ ស្រី ៥៥នាក់ ក្នុងនោះ៖ ក្របខណ្ឌ “ក” ចំនួន ៤៣នាក់ ស្រី ១៨នាក់ និងក្របខណ្ឌ “ខ” សរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕
ដោយ៖ សូរិយា