សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) បានប្រកាសថា ការប្រកួតកីឡាវាយកូនឃ្លីលើតុពិភពលោកឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៤ឆ្នាំបន្ទាប់ពីទីក្រុងនេះខកខានធ្វើជាម្ចាស់ផ្ទះដោយសារជំងឺរាតត្បាតកូវីដ-១៩។
ការប្រកួតនឹងត្រូវធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង បន្ទាប់ពីទីក្រុងប៊ូសានបានដេញថ្លៃយកឈ្នះទីក្រុង Buenos Aires ក្នុងការបោះឆ្នោតដោយសមាជិកនៃ ITTF នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ជាកន្លែងដែលការប្រកួតជើងឯកឆ្នាំនេះកំពុងប្រព្រឹត្តទៅ។
ការប្រកួតកីឡានេះសម្រាប់ឆ្នាំ២០២០ ត្រូវបានកំណត់ពេលដំបូងសម្រាប់ថ្ងៃទី២២-២៩ ខែមីនានៅទីក្រុងប៊ូសាន ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនដងមុនពេលត្រូវបានលុបចោលដោយសារជំងឺរាតត្បាត។
លោក Ryu Seung-min ប្រធានសមាគមកីឡាវាយកូនឃ្លីលើតុកូរ៉េខាងត្បូង និងជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់សមាគមទាំងអស់នៃ ITTF ដែលបានគាំទ្រដ៏ធំធេងរបស់ពួកគេសម្រាប់ទីក្រុងប៊ូសាន”។
លោកបន្តថា “យើងនឹងធ្វើឱ្យវាក្លាយជាការប្រកួតផ្តោតលើកីឡាករ និងអ្នកទស្សនា។ យើងក៏មានបំណងបង្កើតកម្មវិធីផ្ទេរចំណេះដឹងក្នុងអំឡុងពេលប្រកួតប្រជែងដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់យើងជាមួយសមាគមសមាជិកដទៃទៀតផងដែរ”។
សូមបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Chengdu ប្រទេសចិន ខណៈដែលទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ២០២៣ ៕ដោយ៖ភារៈ (រូបភាព ៖ Reuters)