លោករដ្ឋមន្ត្រី វេង សាខុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែន តំបែរ”

ចែករំលែក៖

ខេត្តកំពង់ចាម : ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែន តំបែរ”។ កម្មវិធីដ៏មហោឡារឹកនាពេលនេះ ក៏មានការអញ្ជើញចូល រួមផងដែរពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្ត លោក ចាយ បូរិន សមាជិកសភា លោកស្រី សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក លោកអភិបាលស្រុក លោក គ្រូ អ្នកគ្រូពេទ្យ និងបងប្អូនប្រជា ពលរដ្ឋ។

ជាបឋម លោកអភិបាលនៃគណអភិបាលខេត្ត បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គ ពិធីអំពីស្ថានភាពភូមិសាស្រ្ត រចនាសម្ភ័ន្ធរដ្ឋបាល វឌ្ឍនភាពលើការអភិវឌ្ឍខេត្ត វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ វិស័យសុខាភិបាល កសិកម្ម ការងារសន្តិសុខ សណ្តាប់ធ្នាក់ និងសុវត្ថិភាពសង្គម សេវាសាធារណ: និងអប់រំ។ល។ ភ្ជាប់ទៅនឹងសមិទ្ធផលដែលស្រុកតំបែរទទួលបាននាពេលនេះ លោកអភិបាលខេត្តបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានក្រុម ការងារ និងសហការីដែលបានខិតខំពុះពារ យកអស់ស្មារតីទទួលខុសត្រូវក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានលះបង់កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន កៀរគរសប្បុរសជន រៀបចំកសាងអគារនេះឡើងទុកបម្រើសុខភាពជូនប្រជាពលរដ្ឋតាមការចាំ បាច់ និងស្របតាមស្ថានភាពនៃកំណើនសេចក្តីត្រូវការបន្ទប់ពិនិត្យ និងព្យាបាលជំងឺទូទៅ ស្រប តាមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មកជូនបងប្អូនទូទាំងខេត្តត្បូងឃ្មុំ និងដោយឡែកបងប្អូនស្រុកតំបែរ ជាពិសេសសម្តេចបានសម្តែងនូវទឹកចិត្តសប្បាយរីក រាយ ចូលរួមអបអរសាទរជាមួយបងប្អូននូវសមិទ្ធផលដ៏ថ្មីស្រឡាងអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែន តំបែរ” ដែលនឹងដាក់ឲ្យបម្រើសុខភាពជាផ្លូវការជូនបងប្អូនចាប់ពីថ្ងៃនេះតទៅ។
លោកប្រធានបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចបានសម្រេចជូន លោកជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារនាពេលនេះ និងបានថ្លែងអំណរគុណជូនចំពោះលោក លោកស្រី អាជ្ញាធរថ្នាក់ក្រោមជាតិ សមាជិក សមាជិកា ទាំងអស់ដែលមានវត្តមាននាពេលនេះ និងថ្លែងអំណរគុណជូនដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តដែលបានសហការរៀបចំពិធីនេះឱ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាព ជារួមនៃការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សកម្មភាពសង្គម និងសេដ្ឋកិច្ចជាតិ។ ឆ្វេងយល់បានយ៉ាងស៊ីជម្រៅលើបញ្ហានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការធ្វើអន្តរាគមន៍ទាន់ពេលវេលា មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ក្នុងការទប់ទល់នឹងវិបត្តិនេះមានជាអាទិ៍៖ វិធានការ ៣កុំ ៣ការពារ យុទ្ធនាការចុះចាក់វ៉ាក់ សាំងជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារ។ល។ ស្របពេលដែលស្ថានភាពជារួមនៃជំងឺឆ្លងនេះមានលក្ខណល្អប្រសើរ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” សំដៅស្តារ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិឡើងវិញ។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកប្រធានក្រុមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានមូលមតិ គ្នាជាឯកច្ឆន្ទកសាងអគារ “ពិនិត្យព្យាបាលជំងឺទូទៅតេជោសែន តំបែរ” នេះឡើង។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្ដទុកដាក់ គិតគូពីសុខភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀត ក្រុមការងារបានចុះដោះស្រាយបញ្ហាជូនប្រជាជនបានទាន់ពេលវេលាដូចជា ៖ គ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ

និងស្រ្តីមេមាយទីទាល់ក្រ ងាយរងគ្រោះ និងគោលនយោបាយ ក៣ (កើត ការ និងស្លាប់)។ល។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាជននៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាមន្រ្តីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរ មានក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និងជឿជាក់លើការដឹកនាំរបស់ឯកឧត្តមប្រធាន និងសហការី និងអាជ្ញាធរមូល ដ្ឋានគ្រប់ជាន់ថ្នាក់។

ចំពោះអគារថ្មីនេះ លោកបានលើកទឹកចិត្ត ជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់ដែលបម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកបានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកឲ្យខិតខំយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពល រដ្ឋឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់វណ្ណ: និន្នាការ ជាតិសាសន៍ បក្សពួក។ល។ ដោយឡែកលោកគ្រូ អ្នកគ្រូពេទ្យត្រូវខិតខំសិក្សា ស្រាវជ្រាវបន្ថែម ដើម្បីបង្កើនសមត្ថភាពលើការងារបច្ចេកទេស ផ្តល់សេវាជូនប្រជសពលរដ្ឋមានប្រសិទ្ធភាពខ្ពស់តាមវិជ្ជាជីវ:។ គ្រប់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក កម្មករ ត្រូវរួមគ្នាថែរក្សាអគារនេះឲ្យបានគង់វង្សទុកប្រើប្រាស់ជាប្រយោជន៍រួបសម្រាប់បម្រើសុខភាពជូនបងប្អូនស្រុកតំបែរតរៀងទៅ។ បើទោះបី យើងមានអគារថ្មី យើងក៏ត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ “មានសុខភាពល្អ គ្រួសារមានសុភមង្គល សង្គមជាតិមានការរីកចម្រើន និងការពារប្រសើរជាងព្យាបាល”។

សាវតាសង្ខេបរបស់មន្ទីរពេទ្យតំបែរ
មន្ទីរពេទ្យបង្អែកតំបែរត្រូវបានសាងឡើងតាមប្រកាសលេខ២៣១ ស.ន.ប ចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល ជាមន្ទីរពេទ្យបង្អែកកម្រិត១ ស្ថិតនៅក្រោមការ គ្របដណ្តប់របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរដែលបានបំបែកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក មានទីតាំងស្ថិតក្នុងបរិវេណមណ្ឌលសុខភាពតំបែរ ភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ មន្ទីរពេទ្យមានអគាចំនួនបី (អគារមណ្ឌល សុខភាពចំនួនពីរ និងអគារថ្មីចំនួនមួយដែលបានសាងសង់ដោយគម្រោងរបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលអាចទទួលអ្នកជំងឺចំនួន ៤០នាក់។ អគារ “ពិនិត្យព្យាបាលជំងឺទូទៅតេជោសែន តំបែរ” ថ្មីនេះត្រូវបានរៀបចំបញ្ជុះបឋមសិលាសាងសង់នៅថ្ងៃសៅរ៍ ០៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃព្រហត្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាអគារ “ពិនិត្យ និងព្យាបាលជំងឺទូទៅតេជោសែន តំបែរ”។ អគារនេះមានទំហំ ១ ៥៨៦ម៉ែត្រការ៉េ កម្ពស់ ៣ជាន់ (គិតទាំងជាន់ផ្ទាល់ដី) ហើយអាចទទួលអ្នកជំងឺសម្រាកព្យាបាលបានចំនួន ៨០នាក់ បានបំពាក់កង្ហារភ្ជាប់ជញ្ជាំងចំនួន ២៦គ្រឿង កង្ហារភ្ជាប់ពិដានចំនួន ៤២គ្រឿង រៀបចំប្រព័ន្ធភ្លើងសម្រាប់តម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងប្រើប្រាស់សម្រាប់ឧបករណ៍បរិក្ខារពេទ្យធំៗ រួចជាស្រេចផងដែរ។ បានរៀបចំពាសសំណរក្នុងបន្ទប់ថតកាំរស្មីអ៊ិចប្រមាណ ៣០ម៉ែត្រការ៉េ ចាក់បេតុង និងមានរៀបចំសួនច្បារយ៉ាងស្រស់ស្អាតជុំវិញអគារ និងផ្លូវបេតុងភ្លោះតភ្ជាប់ពីខ្លោងទ្វារមកអគារថ្មី។ ក្រៅពីនេះ លោករដ្ឋមន្រ្ដីបានជួយឧបត្ថម្ភតុការិយាល័យចំនួន ១០ កៅអីអង្គុយចំនួន ១០ ទូរដាក់ឯកសារចំនួន ០៥ និងកៅអីស្នួរសម្រាប់អ្នកជំងឺអង្គុយរង់ចំនួន ០៥ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print