កញ្ញាឯកចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌី ចាកចេញពីកម្ពុជាចូលរួមប្រកួតឆាកអន្តរជាតិ នៅអ៊ីស្រាអ៊ែល

ចែករំលែក៖

ភ្នំពេញ៖ វេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២១នេះកញ្ញាឯកចក្រវាឡកម្ពុជា២០២១ គឺកញ្ញា ងិន ម៉ារ៉ាឌី បានចាកចេញពីកម្ពុជាហើយដើម្បីចូលរួមកម្មវិធីកញ្ញាឯកចក្រវាឡ២០២១ លើកទី៧០ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងEilat ប្រទេសអ៊ីស្រាអ៊ែល។ ការចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះក៏មានការចូលរួមពីក្រុមអ្នកគាំទ្រមួយចំនួន និងក្រោយពីកញ្ញាឯករូបនេះបានគ្រងមកុដបានប្រមាណជិត១ខែកន្លងមកនេះ។
កម្មវិធីផ្តាច់ព្រ័ត្យនឹងធ្វើឡើងនៅថ្ងៃទី 12 ខែធ្នូ គឺក្រោយពីកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់កម្មវិធី Miss Grand International 2021 មួយសប្តាហ៍ប៉ុណ្ណោះ។ បេក្ខភាពមកពីបណ្តាប្រទេសប្រមាណ៨០ នឹងចូលរួមប្រកួតប្រជេងដណ្តើមមកុដក្នុងកម្មវិធីកញ្ញាឯកធំសម្បើមមួយនេះ ដោយបវរកញ្ញាចក្រវាល ២០២០ មកពីប្រទេសមិចស៊ីគឺកញ្ញាAndrea Meza នឹងផ្ទេតំណែងនៅគ្រានេះផងដែរ។ មុនពេលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្យបេក្ខភាពកំពូលស្រស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងកម្ពុជា នឹងធ្វើដំណើរទស្សនៈកិច្ច និងកម្សាន្តនៅតំបន់មួយចំនួនដែលកម្មវិធី និងម្ចាស់ផ្ទះបានរៀបចំទុករួចជាស្រេច។
ងាកមកស្គាល់កញ្ញាឯកពីកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌីគឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីការិនី ។ នាងបានគ្រងមកុដកញ្ញាឯកនេះចាប់តាំងពីរាត្រីថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១ ។នាងមានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រទម្ងន់ ៤២គីឡូក្រាម ទំហំទាំងបីគឺ ៣២,២៣,៣៤។ ក្រោយពីគ្រងមកុដកញ្ញាឯករូបនេះទទួលបានទឹកប្រាក់សុទ្ធសរុបចំនួន៣ពាន់ដុល្លារអាមេរិក ការចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុន Cambodia International Model មានតម្លៃ១ម៉ឺនដុល្លារអាមេរិក វិញ្ញបនបត្រអំណោយពីហាងកែសម្ផស្សចំនួន ៣ពាន់ដុល្លារអាមេរិក កញ្ចប់អំណោយពីហាងពេជ្រ បាច់ផ្កាដ៏ស្រស់ស្អាត វិញ្ញបនបត្រអំណោយពីហាងនំ។ និងរាល់ការចំណាយលើការចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាឡ២០២១ លើកទី៧០នៅក្នុងប្រទេសអ៊ីស្រាអ៊ែលជាបន្ទុករបស់កម្មវិធីផងដែរ។ បើទោះបីជាមានការតិះតៀនរឿងកម្ពស់ ខ្លះមែនប៉ុន្តែក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកជាច្រើននៅកម្ពុជាបានសម្លឹងឃើញពីសក្កដានុពលដ៏ខ្លាំងរបស់នាងដែលនាងបានត្រៀមខ្លួនរួចជាស្រេច ខណៈដែលគេក៏ពេញចិត្តទៅនឹងសមត្ថភាព ទេពកោសល្យ និងចំណេះដឹងនៃការប្រើប្រាស់ភាសាអន្តរជាតិរបស់នាងផងដែរ។ អ្វីដែលធ្វើឲ្យគេកោតសរសើរផងដែរនោះគឺឆ្នាំនេះកញ្ញាឯកចក្រវាឡកម្ពុជាក៏នឹងត្រៀមយកនូវឈុតតំណាងជាតិពិសេសមួយដែលមានឈ្មោះថា “វប្បការិកា ចត្តានិមិត្ត” ដែលឈុតនេះបាននិងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះតែជាឈុតដែលលាយបញ្ចូលគ្នានូវទម្រង់សិល្បៈបុរាណខ្មែរជាច្រើនលាយបញ្ចូលគ្នានោះ។ គេរំពឹងដែរថា វត្តមានរបស់កញ្ញាឯកចក្រវាឡកម្ពុជា នៅលើឆាកអន្តរជាតិ នេះនឹងបង្ហាញពីភាពស្មើមុខស្មើមាត់ របស់កម្ពុជាលើឆាកអន្តរជាតិ និងជាឱកាសបង្ហាញទាំងសមត្ថភាព ទេពកោសល្យ ភាពខ្លាំង និងសម្រស់របស់នារីខ្មែរលើឆាកដ៏សម្បើមមួយនេះផងដែរ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print