រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ ៖ ស្ថានភាពកូវីដ-១៩ អាក្រក់ជាងពេលណាទាំងអស់

ចែករំលែក៖

ក្នុងពេលរលកកូវិដ-១៩លើកទី៤កំពុងតែវាយលុកប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jens Spahn បានប្រកាសថា ស្ថានភាពនៃការឆ្លងកូវីដ-១៩ក្នុងប្រទេសនេះពិតជាអាក្រក់ជាងពេលណាទាំងអស់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jens Spahn បានលើកឡើងថា ការឆ្លងកូវីដ-១៩ នាពេលនេះគឺមានទ្រង់ទ្រាយធំជាងពេលឆ្លងដំបូងទៅទៀត ។ ប៉ុន្តែពលរដ្ឋអាល្លឺម៉ង់ មិនសូវយកចិត្តទុកដាក់ ចាប់អារម្មណ៍ចំពោះការឆ្លងកូវីដ- ១៩នោះឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បានទទូចឱ្យមានចំណាត់ការបង្ការ និងគ្រប់គ្រងឱ្យបានតឹងរ៉ឹងប្រឆាំងនឹង COVID-19 ខណៈដែលលោកយល់ឃើញថា ជំងឺនេះប្រហែលជាមិនអាចកម្ចាត់ ឱ្យរលាយសាបសូន្យពីផែនដីឡើយ។ លោក Fauci បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថាវាហាក់ពុំមានផ្លូវនោះទេ ដែលយើងនឹងអាចលុបបំបាត់ជំងឺ COVID-19 ចោលទាំងស្រុងបាន ដោយសារតែការបន្តឆ្លងរាលដាលឥតឈប់ឈររបស់វា។ ខ្ញុំយល់ថា យើងប្រហែលមិនអាចកម្ចាត់វាដូចដែលយើងធ្លាប់បានកម្ចាត់ជំងឺដទៃទៀតឡើយ»។ ទោះជាយ៉ាងណាក្តី លោក Fauci បានលើកឡើងថា «ប៉ុន្តែមានមធ្យោបាយដើម្បីគ្រប់គ្រងវា ហើយវាអាស្រ័យតែទៅលើពួកយើងប៉ុណ្ណោះ ក្នុងការសម្រេចជ្រើសរើសថា តើវិធានការគ្រប់គ្រងកម្រិតណា ដែលយើងអាចស្ម័គ្រចិត្តទទួលយកបាន»។ លោក Anthony Fauci បានបង្ហាញជំហរឱ្យប្រកាន់យក វិធានការបង្ការ និងគ្រប់គ្រងដែលតឹងរ៉ឹង ដ្បិតលោកជឿថា វាគឺជាអាវុធដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងវិបត្តិ COVID-19 ដែលបានឆ្លងដល់មនុស្សជាង២៦០លាននាក់ និងផ្តាច់ជីវិតមនុស្សប្រមាណ ៥.២លាននាក់ គិតមកទល់ពេលនេះ៕ ដោយសាធី

...

AFP/VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print