ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
ជនត្រូវចោទមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរជាសន្តិសុខឯកជន ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ នឹងចោទប្រកាន់ជនត្រូវចោទ យឹង វណ្ណដា ជាផ្លូវការ កាលពីរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រ មាថសមត្ថកិច្ច ជាផ្លូវការ ពីបទល្មើស បើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទល្មើសរារាំង ឬប្រេីប្រាស់មធ្យោបាយណាមួយ ដេីម្បីឧបសគ្គដល់ចរាចរសាធារណៈ បទល្មើសហិង្សាដោយចេតនា បទល្មើសប្រមាថ និងបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។
ការចោទប្រកាន់លើជនត្រូវចោទចំនួន៥បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហឹង្សាដោយចេតនាលើអ្នកដទៃតាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ពី១ ឆ្នាំ ទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល ។
សូមជម្រាបថា កាលពីវេលាម៉ោង៩ នឹង៥០ នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សំណុំ រឿងដ៏កក្រើកនេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនជនត្រូវចោទដែលជាប់ពាក់ពន្ធករណីជេរប្រមាថមន្ត្រីចរាចរណ៍នោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងបានស្ថិតនៅលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ដែលជនត្រូវចោទយឹង វណ្ណដាបានរងនូវការចោទប្រកាន់ក្នុងការធ្វើសកម្មភាពជេរប្រមាថមេីលងាយនិងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបើកការស៊ើបសួរតាមនីតិវិធី ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទយឹង វណ្ណដា ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដោយរងចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ រ៉ា រ៉ា