ទីក្រុងមូស្គូថ្កោលទោសយ៉ាងចាស់ដៃ ដល់កិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅទីក្រុងវ៉ាស៊ីនតោន ដោយកិច្ចប្រជុំនោះសំដៅទៅលើប្រទេសរុស្ស៊ីនិងចិន។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov នៅថ្ងៃទី២៧ខែវិច្ឆិកា បានថ្កោលទោសយ៉ាងខ្លាំង ដល់គម្រោងផ្តួចផ្តើមកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ដោយរុស្ស៊ីចាត់ទុកថាកិច្ចប្រជុំនេះគឺសំដៅទៅលើប្រទេសចិននិងរុស្ស៊ី។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា «កិច្ចប្រជុំស្តីពីប្រជាធិបតេយ្យដឹកនាំដោយអាមេរិកក្នុងគោលដៅសំដៅទៅលើប្រទេសរុស្ស៊ីនិងចិន។ កិច្ចប្រជុំនោះគឺពួកគេចង់បង្រៀនពីរបៀបរស់នៅដោយប្រជាធិបតេយ្យ និងប្រព័ន្ធប្រជាធិបតេយ្យនៅលើពិភពលោក»។
តាមការលើកឡើងរបស់អគ្គរដ្ឋទូត រុស្ស៊ី ប្រទេសមួយចំនួនមិនត្រូវបានអញ្ជើញចូលរួមនោះឡើយ ក្នុងនោះមានប្រទេសហុងគ្រី ដែលជាសមាជិកសហគមន៍អឺរ៉ុប។
តាមគម្រោង មានប្រទេសចំនួន១១០ និងដែនដីក្នុងនោះមានកោះតៃវ៉ាន់ ក៏ត្រូវបានបញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំខាងលើ តាមប្រព័ន្ធអនឡាញរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៩និងទី ១០ខែធ្នូ។ នៅក្នុងបញ្ជីឈ្មោះនោះមានកោះតៃវ៉ានប៉ុន្តែមិនមាន ចិននិងរុស្ស៊ីឡើយ៕
ដោយ៖សាធី
រូបថត៖Tass.