ក្រុមជនសង្ស័យប្រើល្បិចប៉ុនប៉ងលួចរថយន្តដឹកទំនិញក្រុមហ៊ុន ហូស៊ីនតាយ ត្រូវនគរបាលខេត្តកណ្ដាល​ក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ តៃកុងឡានក្រុមហ៊ុន ហូស៊ីនតាយ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាលដឹកនាំដោយ​លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តឃាត់ខ្លួនយកទៅធ្វើការសាកសួរ ពាក់ព័ន្ធករណី​សមគំនិតក្នុងអំពើលួចរថយន្តកុងតឺន័រ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហេង ករណា ហៅស្រស់ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតរស់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  ជាអ្នកបើកបររថយន្តកុងតឺន័រដឹកទំនិញឲ្យក្រុមហ៊ុន ហូស៊ីនតាយ ចេញពីទីតាំងក្រុមហ៊ុនស្ថិតនៅតាម​បណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តភ្នំពេញដើម្បីយក​ទំនិញឡើងផែដាក់តាមកាប៉ាល់ទៅកាន់ប្រទេសក្រៅ។ ប៉ុន្តែពេលព្រលប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ម្ចាស់​ក្រុមហ៊ុនមិនបានឃើញរថយន្តកុងតឺន័រមួយគ្រឿងនេះដល់គោលដៅរហូតដល់ម៉ោង៩ទៅម៉ោង១០យប់ថ្ងៃ​ខែឆ្នាំដដែល សង្ស័យថា អាចមានករណីបទល្មើសកើតឡើង ទើបចុចជីភីអេស បែរជាបាត់ដានរថយន្ត ក៏ប្ដឹង​ទៅកាន់សមត្ថកិច្ចនគរបាលខេត្តកណ្ដាលដើម្បីជួយអន្តរាគមន៍ស្វែងរករថយន្តនិងអ្នកបើកបរ។

ខាងក្រុមហ៊ុនបានបញ្ជាក់ថា ទូរស័ព្ទទៅកាន់អ្នកបើកបរក៏មិនចូល និងបាត់ដានពីជីភីអេស រហូតដល់ម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ទើបខាងក្រុមហ៊ុនទូរស័ព្ទចូល ហើយអ្នកបើក​បរបានប្រាប់ថា ខ្លួនត្រូវបានជនសង្ស័យមានគ្នា២នាក់យកកាំភ្លើងភ្ជង់ប្លន់រថយន្ត នៅចំណុចឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈខ្លួនបានចុះមកបត់ជើងតូច។ អ្នកបើកបរបានប្រាប់ខាងក្រុមហ៊ុនទៀត​ថា បន្ទាប់មកក្រុមជនសង្ស័យបានយកបាវមកគ្របពីលើក្បាលនិងគំរាមសម្លាប់ ហើយក៏ដឹករូបគេយកមក​ទម្លាក់ចោលនៅក្រុងតាខ្មៅ។

ដោយមានការលើកឡើងបែបនេះខាងក្រុមហ៊ុនក៏មានទំនុកចិត្ត និងនាំជនរងគ្រោះជាអ្នកបើករថយន្ត​កុងតឺន័រមកដាក់ពាក្យបណ្ដឹងនៅនគរបាលខេត្តកណ្ដាល។ មុនដំបូងជនសង្ស័យចេះតែប្រើល្បិចថា គេភ្ជង់​ប្លន់រថយន្ត ក្រោយមកថា មានគេគំរាមឲ្យយករថយន្តដឹកទំនិញនេះមកកាន់ក្រុងតាខ្មៅ។ ដោយសង្ស័យពី​ល្បិចកល់របស់ជនសង្ស័យ សមត្ថកិច្ចឈានដល់ការក្ដោបមុខសញ្ញាបានដឹងថា អ្នកបើកបររូបនេះបានសម​គំនិតជាមួយគូកនទើបប្រើល្បិចភូតកុហកក្រុមហ៊ុននិងសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ហេង​ ករណា ហៅស្រស់ បានសារភាពថា ខ្លួនពិតជាសមគំនិតក្នុងអំពើលួចមានស្ថានទំងន់នេះបន្ទាប់ពីបក្ខពួករបស់ខ្លួន​បានសន្យាឲ្យប្រាក់ចំនួន២ពាន់ដុល្លារដើម្បីបើករថយន្តដឹកទំនិញនេះគេចពីគោលដៅកំពង់ផែនិងព្យាយាម​បាត់ដានពីការកុងត្រូលមើលដោយក្រុមហ៊ុនតាមប្រព័ន្ធជីភីអេស។

សមត្ថកិច្ចបានបញ្ជាក់នៅមុននេះបន្តិចថា រថយន្តកុងតឺន័រដឹកទំនិញប្រភេទស្បែកជើងពីរោងចក្រ ហូស៊ីនតាយ ត្រូវបានអ្នកបើកបរ យកមកលាក់ទុកនៅចំណុចបេនឡានក្រុមហ៊ុន ស៊ុយសូផាន ក្បែរកំណាត់​ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ-សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាលខេត្តកណ្ដាលបានដឹងនាំនិងបញ្ជាកម្លាំចុះទៅយករថយន្តជាវត្ថុតាងនៃបទល្មើសប្រព្រឹត្តដោយអ្នក​បើកបរនិងក្រុមគូកនយកទៅកាន់ខេត្តកណ្ដាលដើម្បីធ្វើការសាកសួរជនសង្ស័យនិងបន្តនីតិវិធី៕

20160408232447

20160408232443

20160408232443 (1)

ដោយ៖ តុងឡេង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print