ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកសុីនៅហាងកុងតឺន័រមួយកន្លែងរួចដឹកនារីម្នាក់ជាបុគ្គលិកហាងជូនទៅផ្ទះ ជិះម៉ូតូជ្រុលទៅបុករះខឿនសួនចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មឯនារីអ្នករួមដំណើររងរបួសស្រាល។
ហេតុការណ៍នេះកើតឡើកងកាលពីវេលាម៉ោង២ យប់រំលងទៀតឈានចូលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចមុខបុរីឡុងនី តាមបណ្តោយផ្លូវបេតុទួពង្រ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះសុខបញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាអ្នកលក់ផលិតផល ស្នាក់នៅបុរីពិភពថ្មីចំការដូង នៅខណ្ឌដង្កោ មានស្រុកកំណើតស្រុកកំពង់បែក ខេត្តព្រៃវែង។ចំណែកនារីអ្នករួមដំណើររងរបួសស្រាលមិនស្គាល់អត្តសញ្ញាណបន្ទាប់មកបានចេញពីកន្លែងកើតហេតុបាត់។
តាមការរៀបរាប់ពីបុរសម្នាក់ដែលអះអាងថាជាមេការនៅហាងផឹកស៊ីកុងតឺន័របានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FM-8194បានចូលទៅផឹកស៊ីនៅហាងទូកុងទីន័រមួយកន្លែងរួមនឹងមិត្តភក្កិពីរបីនាក់ទៀត ខណៈនាំគ្នាផឹកស៊ីបានស្គាល់នារីម្នាក់ដែលជាបុគ្គលិកបម្រើការនៅហាងកើតហេតុខាងលើ។ប្រភពដដែរបានបន្តទៀតថាក្រោយពីផឹកស៊ីចប់ស្រាប់តែជនរងគ្រោះបានឌុបនារីជាបុគ្គលិកដើម្បីជូនទៅផ្ទះ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានដកទូរស័ព្ទនិយាយស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះខឿនសួន ចែកទ្រូងផ្លូវបណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្រដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងណាដោយអាធ័មតែម្ដង ចំណែកនារីអ្នករួមដំណើរបានរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ