Chelsea បន្តឈរកំពូលតារាងបណ្តោះអាសន្ន​ក្រោយ​ស្មើ​ជាមួយ Man United

ចែករំលែក៖

ការនាំមុខរបស់ក្រុម Chelsea នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ត្រូវបានកាត់បន្ថយដោយបានត្រឹមមួយពិន្ទុ បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុមភ្ញៀវ Manchester United ខណៈដែលគូប្រជែង Manchester City បានផ្តួលក្រុម West Ham United ក្នុងលទ្ធផល 2-1 កាលពីថ្ងៃអាទិត្យបន្តឈរលេខ២ ដោយចាញ់ Chelsea តែ១ពិន្ទុប៉ុណ្ណោះ។

ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel មាន៣០ពិន្ទុពី១៣ប្រកួត ខណៈMan City មាន២៩ពិន្ទុ ហើយ Liverpool ដែលបានយកឈ្នះ Southampton 4-0 កាលពីថ្ងៃសៅរ៍ មាន២៨ពិន្ទុ។

ក្រុមបិសាចក្រហម Manchester United ដោយមានលោក Michael Carrick ទទួលបន្ទុកបណ្ដោះអាសន្នក្នុងក្រុមបន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer បានរក្សាទុក Cristiano Ronaldo នៅលើកៅអីបម្រុង ហើយបានដាក់ខ្សែការពារដែលត្រូវបានរៀបចំឡើងជាថ្មី។

ការប្រកួតនោះក្រុមម្ចាស់ផ្ទះ Chelsea បានគ្រប់គ្រងបាល់ច្រើនក្នុងតង់ទី១ ដោយក្រុមនេះមានឱកាសស៊ុតបាល់ចំគោលដៅច្រើនជាងក្រុមភ្ញៀវ ប៉ុន្តែត្រូវបានអ្នកចាំទីក្រុម United សង្គ្រោះបាន។ ការប្រកួតក្នុងតង់ទី១ លទ្ធផលនៅតែមិនមានគ្រាប់បាល់កើតឡើង រហូតដល់តង់ទី២ នៅនាទីទី៥០ក្រុម Man Utd បានវាយបកទៅលើក្រុម Chelsea និងរកបាន១គ្រាប់នាំមុខដោយកីឡាករ Jadon Sancho។

នៅនាទីទី៦៩ កីឡាករ Jorginho បានព្យាយាមទាល់បាល់នៅមុខទីក្រុមបិសាចក្រហម ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារ Aaron Wan-Bissaka ហើយទាត់ត្រូវជើងកីឡាករ Thiago Silva បាននាំឱ្យមានការពិន័យបាល់ប៉េណាល់ទីតែម្តង ដែលស៊ុតដោយ Jorginho ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១រហូតចប់ការប្រកួត។

គ្រូបង្វឹក Chelsea លោក Tuchel បាននិយាយថា “ខ្ញុំពិតជារីករាយជាមួយនឹងការប្រកួតនេះ។ យើងបានគ្រប់គ្រងស្ថានការណ៍តាំងពីនាទីដំបូង យើងលេងបានល្អណាស់ ហើយខ្ញុំសប្បាយចិត្ត”។

ក្រុម Man United ត្រូវបានគេរំពឹងថានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនឹងតែងតាំងអតីតគ្រូបង្វឹក RB Leipzig លោក Ralf Rangnick ជាអ្នកគ្រប់គ្រងរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយលោក Carrick បានខកចិត្តជាមួយនឹងលទ្ធផលកាលពីថ្ងៃអាទិត្យ ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print