ខេត្តកំពង់ធំ៖ ទីបំផុតក្រុមជេីងខ្លាំងប្រដាប់អាវុធចំនួន៤នាក់ក្នុងចំណោមបក្ខពួកប្រមាណ១០នាក់ដែលបានធ្វេីសកម្មភាពប្រេីហិង្សាដោយមានទាំងកាំភ្លេីងខ្លី, ខ្សែក្រវាត់ និងដំបងឈេីជ្រុង ព្រួតវាយប្រជាពលរដ្ឋចំនួន០៣នាក់បណ្ដាលឱ្យរងរបួសយ៉ាងដំណំហេីយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់តាមច្បាប់នោះ ពេលនេះត្រូវបានចៅក្រមសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហេីយ។
ជាក់ស្ដែង, បេីយោងតាមលោក ស៉ិន វរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឱ្យដឹងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ជនជាប់ចោទទាំង៤នាក់ខាងលើនេះត្រូវបានចោទប្រកាន់ពី”បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ។ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្តសាកសួរបន្តរួចមកបានសម្រេចឃុំខ្លួនពួកគេទាំង៤នាក់នេះ តែម្តង។
ជនជាប់ចោទទាំង៤នាក់នេះ៖ ទី១-ឈ្មោះទេព ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី២-ឈ្មោះឡេង ចាន់រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទី៣-ឈ្មោះជួន ប៉ោជាំង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងទី៤-ឈ្មោះខា កុសល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រោលគោ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា យោងតាមរាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្នាចំនួន៤នាក់ មធ្យោបាយរថយន្តមួយគ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ពៅសម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំដោយផ្ទាល់តាមរយៈទូរស័ព្ទ បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក និងកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកបារាយណ៍ចុះបង្ក្រាបករណីហិង្សាដោយចេតនាមានអាវុធនៅចំណុចផ្ទះរបស់ឈ្មោះ ថា ធីតា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំខណៈដែលបង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល១០នាក់បានធ្វើសកម្មភាពវាយតប់ទៅលើក្រុមជនរងគ្រោះដែលមានគ្នា៦នាក់ ដោយប្រើដៃ ខ្សែក្រវាត់ និងដំបងឈេីជ្រុង រួមទាំងអាវុធខ្លីចំនួន០១ដើម ហួសសុពលភាពថែមទៀត បណ្ដាលឱ្យជនរងគ្រោះចំនួន៣នាក់រងរបួសស្រាលត្រង់ដៃខាងឆ្វេងមួយកន្លែង ត្រង់សៀតផ្កាខាងស្ដាំ មួយកន្លែង(១ខ្សែក្រវាត់)និងត្រង់ក្រោមគុម្ពត្រចៀកស្តាំមួយកន្លែង(០១ខ្សែក្រវាត់)។
ចំណែកវត្ថុតាងចាប់យកពីជនដៃដល់រួមមាន៖ ១.អាវុធខ្លីចំនួន មួយដើមម៉ាកBERETTA លេខBER665672បង់ចំនួនមួយមានគ្រាប់ពីរគ្រាប់ ។២.រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-4488។ ៣.បណ្ណសម្គាល់អាវុធខ្លីចំនួន១សន្លឹក លិខិតបញ្ជាបេសកកម្មចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណទាហានចំនួន១សន្លឹក, ៤.ក្បាលខ្សែក្រវាត់ចំនួនមួយ, ៥.សោកុងតាក់ចំនួន០១, ៦.ទូរស័ព្ទចំនួន០២គ្រឿង, ៧.ដំបងឈេី០២កំណាត់, ៨.កំប៉ុងជ័រចំនួន០១ និង៩.ស្រោមកាំភ្លេីងខ្លីចំនួន០១។
បច្ចុប្បន្នជនជាប់ចោទខាងលេីនេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ៕
ដោយ៖ស តារា