ខេត្តស្វាយរៀងះលោក សុខរស់ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្ម ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តស្វាយរៀង។
ក្នុងពិធីដេញថ្លៃនេះ ក៏មានការអញ្ជើញចូលរួមពី សំណាក់លោក ប៊ុន បុណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ឋ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក-លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង-ស្រុកពាក់ពន្ធ័ និងអាជីវករ។
លោក សុខរស់ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ការដេញថ្លៃភាស៊ីនេះ គឺដេញថ្លៃឡើងពីតម្លៃមូលដ្ឋាន វាខុសពីការដេញថ្លៃលទ្ធកម្ម ហើយអស់លោក លោកស្រី ត្រូវយល់កាន់តែច្បាស់អំពីបញ្ហាភាស៊ី ស្គាល់ច្បាស់អំពីផលរបរក្នុងមូលដ្ឋាននីមួយៗដែលខ្លួនមានដាក់ពាក្យ ព្រោះអស់លោក លោកស្រី ត្រូវខិតខំប្រមូលចំណូលមួយផ្នែកបង់ចំណូលចូលថវិកាខេត្ត មួយចំណែកទៀតសម្រាប់ប្រាក់ចំណេញរបស់ខ្លួនផង និងផ្គត់ផ្គង់ភ្នាក់ងារភាស៊ីដែលត្រូវដើរទារភាស៊ីតាមមុខសញ្ញានីមួយៗ ហើយការដេញថ្លៃជាបីតំណាក់កាល។
លោកបានបន្តទៀតថា អស់លោកលោកស្រីដែលដេញថ្លៃភាស៊ីបានហើយ ត្រូវអនុវត្តន៍ឲ្យខាងតែបាននូវអ្វីដែលមានចែងក្នុងសៀវភៅបន្ទុក និងកិច្ចសន្យាទី១ ត្រូវមានភ្នាក់ងារភាស៊ី
ទី២ត្រូវមានប័ណ្ណសម្គាល់ភ្នាក់ងារភាស៊ីដែលចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ទី៣ត្រូវរៀបចំគណ:កម្មការផ្សារ(ការការពារសណ្តាប់ធ្នាប់សន្តិសុខ)ក្នុងទីតាំងរបស់ខ្លួន ទី៤ត្រូវមានស្នាក់ការភាស៊ី ទី៥ត្រូវធ្វើអនាម័យឲ្យបានល្អជាប្រចាំ ទី៦ត្រូវបិទផ្សាយតម្លៃទារភាស៊ីជាសាធារណ: ទី៧ត្រូវគោរពឲ្យបានទៀងទាត់នូវកាតព្វកិច្ចបង់ចំណូលចូលថវិការខេត្តតាមខែនីមួយៗ។
ហើយប្រសិនបើលោក លោកស្រី មិនគោរពតាមសៀវភៅបន្ទុក និងកិច្ចសន្យា ហើយមានការណែនាំអប់រំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក៏ដូចជាអាជ្ញាធរនៅមិនរៀងចាលនោះទេ អស់លោក លោកស្រីនឹងត្រូវដកសិទ្ធិធ្វើអាជីវកម្ម និងត្រូវជាប់ពិន័យមិនឲ្យចូលរួមដេញថ្លៃភាស៊ីលើកក្រោយរយ:ពេល៣ឆ្នាំផងដែរ។
លោក ក៏បានក្រើនរំលឹកដល់បងប្អូន អាជីវករទាំងអស់ដែលដេញថ្លៃបានត្រូវ គិតគូរ អំពី បញ្ហា សោភ័ណ្ឌភាព នៅតាម ទីផ្សារ និងត្រូវឲ្យមាន សន្តិសុខ យាមកាមអោយបាន ត្រឹមត្រូវ។
បញ្ហា អនាម័យ សំរាម ត្រូវមាន កន្លែងទុកដាក់ត្រឹមត្រូវហើយ ត្រូវធ្វើ យ៉ាងណាជំរុញ ឲ្យ បងប្អូនដែលជាអាជីវករ ជា អ្នកលក់ដូរ ទាំងអស់ មានទីតាំង លក់ដូរ មាន សណ្តាប់ធ្នាប់ ជៀសវាង យក ចិញ្ចើមថ្នល់ ធ្វើជា កន្លែង លក់ដូរ ជាហេតុ ធ្វើ ឲ្យ បាត់បង់ សោភ័ណ្ឌភាព ទីក្រុង រឺក៏ ទីប្រជុំជន ម្យ៉ាងវិញទៀត ត្រូវអនុវត្ត ទៅតាម សៀវភៅ បន្ទុក របស់រដ្ឋដែលបានធ្វើការណែនាំឲ្យបានរលូនស្របទៅតាមច្បាប់ ដែល បានកំណត់ រួចជាស្រេច ៕
ដោយ៖ យឹម សុថាន