ខ្សែប្រយុទ្ធ Ellen White បានក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ក្រុមតោកំណាចនារី ខណៈដែលនារីអង់គ្លេសបានយកឈ្នះលើប្រទេសឡាត់វៀ (Latvia) ដើម្បីកត់ត្រាជ័យជម្នះដ៏ធំបំផុតដែលមិនធ្លាប់មានរបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូនេះក្នុងវគ្គជម្រុះ World Cup ផ្នែកនារី។ White វ័យ៣២ឆ្នាំបានវ៉ាដាច់កំណត់ត្រារបស់ Kelly Smith ដែលមាន៤៦គ្រាប់ ហើយការស៊ុតបញ្ចូលទីរបស់នាងមានន័យថា ឥឡូវនេះនាងមាន៤៨គ្រាប់ក្នុងការបង្ហាញខ្លួន១០១លើកសម្រាប់ប្រទេសអង់គ្លេស។
ខ្សែប្រយុទ្ធរបស់ក្រុម Manchester City រូបនេះត្រូវការពេលត្រឹមតែ៩នាទីប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រា ដោយរកបាន៣គ្រាប់ក្នុងចំណោម២០គ្រាប់ដែលក្រុមនារីអង់គ្លេសយកឈ្នះលើក្រុមឡាត់វៀ។។
ជាមួយគ្នានេះកីឡាការិនី Lauren Hemp របស់ក្រុម Manchester City ស៊ុតបញ្ចូលទីបាន៤គ្រាប់ ដែលជាគ្រាប់ដំបូងរបស់នាងក្នុងជម្រើសជាតិអង់គ្លេស ខណៈដែល Beth Mead របស់ក្រុម Arsenal និង Alessia Russo របស់ក្រុម Manchester United ស៊ុតបានម្នាក់៣គ្រាប់។
កីឡាការិនី Jess Carter បានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិដំបូងរបស់នាង ខណៈដែលកីឡាការិនី Katie Zelem របស់ Manchester United បានបង្ហាញខ្លួនជាលើកដំបូងរបស់នាង ហើយខ្សែការពារកណ្តាល Millie Bright បានធ្វើជាប្រធានក្រុមជម្រើសជាតិនារីអង់គ្លេសជាលើកដំបូងរបស់នាងដែរ។
សរុបមានអ្នកស៊ុតបញ្ចូលទីក្រុមជម្រើសជាតិអង់គ្លេស១០នាក់ផ្សេងទៀតគឺកីឡាការិនី Ella Toone, Georgia Stanway, Bethany England, Jill Scott និង Jordan Nobbs។
ជ័យជម្នះនេះបានបង្ហាញពីការជោគជ័យសម្រាប់ចុងឆ្នាំ២០២១របស់ប្រទេសអង់គ្លេស ប៉ុន្តែជាមធ្យោបាយដ៏ល្អឥតខ្ចោះដើម្បីបញ្ចប់យុទ្ធនាការជម្រុះ World Cup ដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោមការដឹកនាំរបស់អ្នកចាត់ការលោកស្រី Sarina Wiegman រហូតមកដល់ពេលនេះ។
អង់គ្លេសនៅតែឈរកំពូលតារាងនៃក្រុមជម្រុះ World Cup របស់ពួកគេជាមួយនឹងការឈ្នះ៦ក្នុងការប្រកួតចំនួន៦ដោយបានស៊ុតបញ្ចូលទី៥៣គ្រាប់។ ការទទួលជ័យជម្នះ ២០-០ របស់ពួកគេបានលើសពីកំណត់ត្រាប្រកួតប្រជែងពីមុនរបស់ក្រុមនារីអង់គ្លេស ដែលជាធ្លាប់ទទួលបានជោគជ័យក្នុងលទ្ធផល ១៣-០ ទៅលើក្រុមហុងគ្រីកាលពីឆ្នាំ២០០៥ ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ