ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃពុធទី០១ ខែធ្នូ ឆ្នាំ២០២១នេះថា៖ “ខ្ញុំតែងតែមានសុដ្ឋិនិយមជានិច្ចដល់ក្រុមការងារទាំងអស់ លើការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយចំពោះកិច្ចការងារនានាដែលបាន និងកំពុងធ្វើប្រកបដោយគុណភាព ទំនួលខុសត្រូវ និងភាពច្នៃប្រឌិតខ្ពស់”។
លោក ហ៊ុន ម៉ានី បានបន្តថា ចេញពីប្រពៃណីការងារកន្លងមកទាំងអស់នេះ ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរ “កម្មវិធីស្វ័យសិក្សា MoEYS E-Learning” ដែលទទួលបានជ័យលាភីលេខ១ ជា Best Social Innovation Technology of the Year ក្នុងការប្រកួតប្រជែង ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ (Cambodia ICT Awards 2021) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ក៏សូមចូលរួមអបអរសាទរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផលិតនូវ Appទូរសព្ទមួយដែលបានបង្ហាញពីភាពទាន់សម័យ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាចូលរួមអបអរសាទរដល់លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សទាំងអស់ដែលជាម្ចាស់ផ្ទាល់នៃកម្មវិធីទូរស័ព្ទ MoEYS E-Learning នេះផងដែរ៕
ដោយ៖ស តារា