ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌក្រុងបាត់ដំបង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៤ នាក់ក្នុងករណីឃាតកម្ម គិតទុកជាមុន។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលឃាត់ខ្លួនមាន១- ឈ្មោះ វ៉ែង សុវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅ នៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ២- ឈ្មោះ ដួង ចិន្តា ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបបាត់ដំបង៣-ឈ្មោះ ហ៊ុន បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅ នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និង៤ ឈ្មោះ ហូវ សុជាតិ ភេទស្រី អាយុ ២៦ឆ្នាំ មានលំនៅ នៅស្រុកឯកភ្នំ។
ចំណែកឯជនរងគ្រោះរបួសធ្ងន់ធ្ងរ មានឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបានឲ្យដឹងទៀតថា
កាលពីជាងមួយសប្តាហ៍មុន ស្ត្រីឈ្មោះ ដួង ចិន្តា បានឲ្យជនដៃដល់ ទៅកាប់ជនរងគ្រោះ ជាអតីតសង្សារ ដើម្បីជាការព្រមាន។ លុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមជនដៃដល់ បាននាំគ្នា ទៅកាប់ជនរងគ្រោះ ក្បែរផ្ទះជួល ស្ថិតក្នុងក្រុមទី១៧ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ប៉ុន្តែករណីឃាតកម្ម គិតទុកជាមុននេះ មិនបានកាប់ចំលើមុខសញ្ញា ដែលពួកខ្លួនប៉ុនប៉ងឡើយ គឺកាប់ខុសមនុស្ស ប៉ះចំលើមិត្តភក្តិម្នាក់ទៀតឯណោះវិញ។
យ៉ាងណាក្នុងករណីនេះ កម្លាំងអន្តរាគមន៍ក្រុងបាត់ដំបង បានកសាងសំណុំរឿង និងបញ្ជូនខ្លួន ក្រុមជនសង្ស័យទាំងអស់រួមនឹងវត្ថុតាង ទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមននីតិវិធី ៕