ខេត្តកំពង់ស្ពឺ៖ មិនដឹងថាល្បិចរកស៊ីរបស់ថៅកែហាងទូរស័ព្ទដៃមួយនេះមានចេតនាបែបណានោះទេ បានជាហ៊ានដកទុកអត្ត សញ្ញាណប័ណ្ណច្បាប់ដើមរបស់ប្រជាពលរដ្ឋមួយចំនួនទុកជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយសាមីខ្លួន សម្រេចបង់ប្រាក់ ត្រឹម ៥០ ភាគរយ នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់ រហូតដល់ថ្ងៃ ប្រគល់ប្រាក់ គ្រប់តម្លៃទូរស័ព្ទ ទើបម្ចាស់ហាងប្រគល់ អត្តសញ្ញាណប័ណ្ណនេះឲ្យសាមីខ្លួនវិញ ។
ល្បិចរកស៊ីដ៏ចម្លែកនេះ ធ្វើឲ្យនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានចុះទៅដកហូតអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជាង ៣០០ សន្លឹកពីហាងលក់ទូរស័ព្ទដៃយីហោ តាក់ សុខគីម ក្នុងក្រុងច្បារមន ត្រឡប់មកវិញ រួចប្រគល់ជូនប៉ុស្តិ៍នគរបាល ដើម្បីរក្សាទុក ជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើការត្រួតពិនិត្យ នៅតាមហាងលក់ទូរស័ព្ទដៃ ទីតាំងបង់ រំលស់ទូរស័ព្ទ និងកន្លែងទទួលបញ្ចាំមួយចំនួន ។
សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គឺមិនត្រូវយកទៅដាក់បញ្ចាំ នោះទេ ដោយគ្រាន់តែថតចម្លងពីច្បាប់ដើម បានហើយ ដើម្បីថែរក្សាអត្តសញ្ញាណប័ណ្ណទាំងនេះ សម្រាប់ប្រើប្រាស់កិច្ចការអ្វី ផ្សេងៗទៀត ដូចជាបង្ហាញសមត្ថកិច្ចពេលពាក់ព័ន្ធអ្វីមួយ ជាពិសេសការងារបោះឆ្នោតជាដើម ។
ក្នុងករណីបែបនេះសមត្ថកិច្ចបានស្នើសុំ និងអំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម យកទៅធានា លើបំណុល ឬបញ្ចាំខ្ចីប្រាក់ នោះទេ ។ ប្រសិនបើម្ចាស់អាជីវកម្មទាំងអស់ មិនបញ្ឈប់សកម្មភាពនេះទេ សមត្ថកិច្ច នឹងអនុវត្តតាមផ្លូវច្បាប់ ។ ជាមួយនេះបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងពីសារប្រយោជន៍និងសំខាន់ណាស់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម)ដោយមិនត្រូវយកទៅប្រើប្រាស់ខុសលក្ខណ៍បែបនេះទេ៕