ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានកំពង់ទួល កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានកំពង់ទួលក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិននៅទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2FG-7424 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះក៏បានជ្រុលបុកបង្កាន់ដៃស្ពានកំពង់ទួលអូសជាច្រើនម៉ែត្របណ្ដាលឱ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌដង្កោបានចុះធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។.ដោយឡែកសពរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ