ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីឆក់យកកាបូបយួរដៃ កាលពីប្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ។
របាយការណ៍ដដែល បន្តថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូម្សិលមិញនេះ នៅចំណុចមាត់ប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយជនសង្ស័យទី១– ឈ្មោះ សុខ ភឿក ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ទី២– ឈ្មោះ ហ៊ុន សៀវធាន ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផលសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនផេនដា។
និងទី៣– ឈ្មោះ ថាវ រតនា ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់១សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ប្រភពដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ សុខ ភឿកជិះម៉ូតូម៉ាក និច ពណ៌សក្រហម ដោយមានការសង្ស័យកម្លាំងបានឃាត់ខ្លួន យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២។ ក្រោយពីសាកសួរជនសង្ស័យ ក៏បានឆ្លើយសារភាពថារូបគេ និងបក្ខពួក ចំនួន១០នាក់ទៀត ឈ្មោះ ប៉ែត ច័ន្ទតារា ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះថាវ រតនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ផល រ៉ានន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ថាច់សុធា ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ភៅ ចាន់លី ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ហ៊ុន សៀវធាន ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ សុខ តាន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងឈ្មោះ ហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ បានជិះម៉ូតូ ចំនួន០៧គ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបយួរដៃ របស់ជនរងគ្រោះឈ្មោះស៊្រុន ម៉ារី ភេទ ស្រី អាយុ២៦ឆ្នាំ។
ក្នុងនោះមានអ្នកសម្ភារៈមួយចំនួនដូចជា៖ ម៉ាស៊ីនកុំព្យូទ័រលេបថបចំនួន ០១គ្រឿង, ទូរស័ព្ទដៃម៉ាក អាយហ្វូនសេវេនផ្លើស ពណ៌ខ្មៅ ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក និងលុយខ្មែរចំនួន ៤០ម៉ឺនរៀល នៅចំណុចមាត់ប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី (ដោយជនសង្ស័យឈ្មោះ សុខ តាន់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ បញ្ញា ជាអ្នកជិះចូលធ្វើសកម្មភាពឆក់យកកាបូបយួរដៃរបស់ជនរងគ្រោះឈ្មោះ ស៊្រុន ម៉ារី ចំណែកបក្ខពួកជនសង្ស័យឈ្មោះ សុខ ភឿក ជិះម៉ូតូម៉ាកនិចពណ៌ស ជាមួយឈ្មោះ ប៉ែត ច័ន្ទតារា, ឈ្មោះ ផល រ៉ានន់ ជិះម៉ូតូម្នាក់ឯងម៉ាក និច ពណ៌ស, ឈ្មោះថាច់ សុធា ជិះម៉ូតូម្នាក់ឯងម៉ាក សេ១២៥ ពណ៌ខ្មៅ, ឈ្មោះ ឡុង ជិះម៉ូតូម្នាក់ឯងម៉ាក និច ពណ៌ខៀវ, ឈ្មោះ ហ៊ុន សៀវធាន ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ ហេង, ឈ្មោះ ភៅចាន់លី ជិះម៉ូតូម៉ាក និច ពណ៌ ខៀវ ជាមួយឈ្មោះ ថាវ រតនា, ឈ្មោះ សុខ តាន់ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ បញ្ញា ជាអ្នកជិះម៉ូតូរារាំងពីខាងក្រោយ កុំឲ្យមានគេដេញតាមទាន់បក្ខពួកខ្លួនធ្វើសកម្មភាពឆក់)។
ក្រោយទទួលបានព័ត៌មានសារភាពពីជនសង្ស័យភ្លាម កម្លាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ទៀត ឈ្មោះ ថាវរតនា និងឈ្មោះ ហ៊ុន សៀវធាន នៅចំណុចផ្លូវ បេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ យកមកសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍ ចំណែកជនសង្ស័យ ចំនួន០៨នាក់ទៀតដែលមានឈ្មោះដូចខាងលើបានរត់គេចខ្លួនបាត់។
ដោយឡែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូម៉ាក និច ពណ៌សលាយក្រហម សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១BI-៧១៧៧ របស់ជនសង្ស័យឈ្មោះ សុខ ភឿក និងម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០០៧ពាក់ផ្លាកលេខ ភ្នំពេញ ១BV-៣៩២៥ របស់ជនសង្ស័យឈ្មោះ ហ៊ុន សៀវធាន។ សម្ភារៈជនរងគ្រោះឈ្មោះ ស៊្រុន ម៉ារី ដែលបានបាត់បង់៖ ម៉ាស៊ីនកុំព្យូទ័រលេបថបចំនួន ០១គ្រឿង, ទូរស័ព្ទដៃម៉ាក អាយហ្វូនសេវេនផ្លើស ពណ៌ខ្មៅ ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក និងលុយខ្មែរចំនួន ៤០ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី