ភ្នំពេញ៖ រថយន្តអគ្គិសនីកម្ពុជាបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានរ៉េចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាម៉ោង១២ ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ6 ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសម្នាក់ ដែលធ្វើដំណើរតាមផ្លូវ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តខាងលើនេះបើករ៉េពេញផ្លូវ ក្នុងល្បឿនយ៉ាងលឿន តាំងពីចំណុចម្តុំព្រែកលាភ នៅពេលនោះ គាត់ក៏បានជិះម៉ូតូប្រដេញតាម និងថតវីដេអូផងដែរ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបើករ៉េចង្កូឡើងលើខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង។ គាត់ក៏បានឲ្យដឹងទៀតថា អ្នកបើកបរទំនងជាស្រវឹងស្រាទើបបាត់បង់ម្ចាស់ការក្នុងការបើកបែបនេះ ប៉ុន្តែ នេះពិតជាសំណាងហើយដែលអ្នកបើកបរពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកស្ទូចយករថយន្តនេះ ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ