ឯកអគ្គរដ្ឋទូតវៀតណាមលើកឡើងថា៖​ ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាកសំាងកូវីដ-១៩ធ្វើឱ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងការចូលជួបសម្តែងការគួរសមនេះ លោកឯកអគ្គរដ្ឋទូត​ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះដែរ លោក សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យយ៉ាងធំធេង និងបាន ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញហើយក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ ព្រមទាំងបានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកានិងបរិក្ខាពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត​ បានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទំាងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ជាដើម។ល។ បន្ថែមពីនេះ​លោក ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈកូវីដ-១៩នេះក្តី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានកើនឡើងជាលំដាប់ ក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាមបានច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវក្តីសោមនស្សរីករាយ និងសាទរចំពោះឯកឧត្តមង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ រដ្ឋសភាកម្ពុជា កោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបាន ផ្តល់ជំនួយ២៥លានដុល្លាអាមេរិក សម្រាប់សាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះគម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុនសាងសង់ ដែលមកទល់ពេលនេះមានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃសាងសង់ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមវៀតផងដែរ។ សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២២ខាងមុខនេះ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print