ខេត្តរតនគិរី÷នៅពេលនេះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំងនៅបណ្តាខេត្តភូមិភាគឥសាន្តជាពិសេសខេត្ត ។ អាកាសធាតុត្រជាក់ត្រូវការអាវរងាដូច្នេះគេសង្កេតឃើញនៅផ្សារក្រុងបានលុង ក៏ដូចជាផ្សារតាមបណ្តាស្រុកនានាមួយចំនួន ក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋជាច្រើន នាំគ្នាទិញខោអាវរងារជជុះ ពាក់បង្ការទប់ស្កាត់នឹងភាពត្រជាក់នេះ។
ប្រជាពលរដ្ឋប្រុស-ស្រីជាច្រើនរស់នៅក្នុងក្រុងបានលុង និយាយស្រដៀងគ្នាថា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់ លាយឡំជាមួយនិងខ្យល់ ខ្លាំងផងនោះ ចាំបាច់តម្រូវឲ្យពួកគាត់ ប្រញាប់ប្រញាលស្វែងរកទិញ ហើយរងាក្រាស់ក្រាស់សម្រាប់ពាក់ដើម្បី ទប់ស្កាត់អាកាសធាតុត្រជាក់។ ពួកគាត់ត្រូវការទិញ មួកអំបោះ, ស្រោមដៃ, ស្រោមជើង និងខោអាវរងារក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះ ពិសេសត្រៀមបង្ការ សម្រាប់ឪពុកម្តាយ ជីដូនជីតា ដែលមានអាយុច្រើន ដែលពួកគាត់ចាញ់ នឹងភាពត្រជាក់ព្រមទាំង កូននិងចៅតូចៗជាដើម។
ប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលបានកំពុងទិញខោអាវរងា ឲ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួល ត្រជាក់តាមរដូវកាល ជាបន្តបន្ទាប់មួយរយៈពេលចុងក្រោយមកនេះ មានភាពបានត្រជាក់គួរសម ពិសេសពេលព្រឹកព្រលឹម និងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ខាងលើ គាត់បានមកកាន់ផ្សារបានលុង ដើម្បីរកទិញខោឬអាវរងា ព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ និងអូសបន្លាយពេលយូរទៀត។ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺស្របទៅនឹងការប្រកាសជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ដល់១៤ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី១៩-២២ ºC សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តសីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °Cសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C។សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧°C ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC។
ដោយឡែកក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំជូនសាធារណជនទូទៅ ឲ្យមានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ បច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលហើយខ្យល់ត្រជាក់នៃរដូវរងាក៏បាន មកដល់ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និង ចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះ ត្រជាក់នេះផងដែរ។
យ៉ាងណាក៏ដោយអាជ្ញាធរក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបណ្ដាខេត្តភាគឥសានក៏បានចែកអាវរងាជូនប្រជាពលរដ្ឋផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។យ៉ាងណាក៏ដោយអំណោយអាវរងានេះមិនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ស្របពេលដែលអាកាសធាតុធ្លាក់ចុះត្រជាក់ខ្លាំងនោះឡើយ៕
ដោយ៖ សូរិយា