ភ្នំពេញ៖ ទីបំផុតកីឡាករ ពេជ្រ ម្ទេសខ្មាំង មកពីក្លិបអរុណរះកីឡា បានគ្រងតំណែងជាម្ចាស់ជើងឯក ពានរង្វាន់TIFFY SUPER FIGHT រដូវកាលទី៣ដូចក្តីបំណងប្រាថ្នា គេពិតប្រាកដមែន បន្ទាប់ពីយកឈ្នះកីឡាករ ឡូញ វ៉ាន់ឌីមកពីក្លិបពន្លឺវិបុលពោធិ៍សែនជ័យ ដោយពិន្ទុយ៉ាងប្រផុតប្រផើយកាលពី យប់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៦នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
កីឡាករពេជ្រ ម្ទេសខ្មាំងមុនឈានដល់គ្រងតំណែងជើងឯកខាងលើរូបគេបានវាយឈ្នះដៃគួ៥នាក់ មានដូចជា កីឡាករយិន បូរិន មកពីក្លិបអាស៊ីកីឡា កីឡាករ គឿន សុខហេង ក្លិបមកុដរាជសីហ៍ក្នុងទឹកទី២ កីឡាករ គុណ សំណង ក្លិបគីសែមានប្ញទ្ធិក្នុងទឹកទី២កីឡាករ បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក់ដោយពិន្ទុ និងចុងក្រោយ ម្ទេសខ្មាំងវាយឈ្នះកីឡាករ ឡូញ វ៉ាន់ឌីដោយពិន្ទុវនៅគ្គផ្តាច់ព្រ័ត្រតាមបំណងប្រាថ្នារបស់ទស្សនិកជនដែលគាំទ្រម្ទេសខ្មាំងពិតប្រាកមែន។
តំណែងជើងឯករបស់កីឡាករ ពេជ្រម្ទេសខ្មាំងវគ្គទី៣នេះ មានពានរង្វាន់ធំ១ និងថវិកាចំនួន៤ពាន់ដុល្លារ រីឯចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ ឡូញ វ៉ាន់ឌី ទទួលបានពានរង្វាន់១ ថវិកាចំនួន២ពាន់ដុល្លារ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យ ទទួលបានពានរង្វាន់តូច១និងថវិកាចំនួន ៧៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៤បានទៅលើកីឡាករ យិន បូរិន មកពីក្លិបអាស៊ីកីឡា ទទួលបានពានរង្វាន់តូច១ និងថវិកាចំនួន៥០០ដុល្លារ ។
ដោយឡែកលទ្ធផលប្រកួតពានរង្វាន់ជើងឯកស៊ីម៉ង់ត៍អូដ្ឋ កីឡាករ ធា នុរាជមកពីក្លិបពោធិ៍សែនជ័យកីឡា រកបាន៣ពិន្ទុបន្ថែមបន្ទាប់ពីវាយឈ្នះកីឡាករ កន ចន្ថា មកពីមកពីក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ ខណៈដែលកីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ រកបាន៣ពិន្ទុបន្ថែមពីកីឡាករ ថៃឈ្មោះ Super Chhai ដោយពិន្ទុកាលពីល្ងាចថ្ងៃទី៩ខែមេសាឆ្នាំ២០១៦ នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ វគ្គជម្រុះជុំទី២សប្តាហ៍ទី២ក្នុងពូលB ៕
ដោយ៖ សារីម