ប្រទេសថៃៈ យោធាថៃនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឃាត់ខ្លួនពលករខ្មែរដែលចាញ់បោកមេខ្យល់ចំនួន១៧នាក់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១កន្លងមកថ្មីៗនេះ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានរាយការណ៍ថា កម្លាំងទាហានថៃឈរជើងក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយនគបាលការពារព្រំដែនទី១២ និងកម្លាំងទាហានកងរយទី១១ ខណៈកំពុងល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតដល់រសៀលម្សិលមិញនេះ បានប្រទះឃើញពលរដ្ឋខ្មែរដែលលួចឆ្លងដែនតាមច្រករបៀងចូលប្រទេសថៃដោយខុសច្បាប់ចំនូន១៧នាក់ ក្នុងនោះមានប្រុស៩នាក់ និងស្រី៨នាក់ ទើបសមត្ថកិច្ចថៃឃាត់ខ្លួននាំទៅសួរចម្លើយបន្ថែម។
សមត្ថកិច្ចដដែលឱ្យដឹងទៀតថា សមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរទាំងអស់ខាងលើនៅបរិវេណ ភូមិខៅ ឌីន ឃុំ/ស្រុកខ្លងហាត ខេត្តស្រះកែវ។ ក្រោយសមត្ថកិច្ចថៃសួរនាំបានឱ្យដឹងថា អ្នកទាំងអស់ដែលលួចឆ្លងដែនចូលមកប្រទេសថៃ គឺមកពីខេត្តសៀមរាប, បន្ទាយមានជ័យ និងបាត់ដំបង មានគោលបំណងទៅធ្វើការនៅក្រុងបាងកក និងខេត្តឈុនបុរី។
ក្រោយពីសមត្ថកិច្ចថៃសួរចម្លើយដើម្បីបំបែកសំណុំរឿងរបស់បណ្ដាញមេខ្យល់នាំពលកររួចរាល់ហើយ ក៏បានអនុវត្តតាមវិធានសុខាភិបាល ដោយបានបញ្ជូនខ្លួនពលករខ្មែរទាំងអស់ប្រគល់ឱ្យសមត្ថកិច្ចជំនាញស្រុកខ្លងហាត ដើម្បីចាត់ការតាមនីតិវិធីបន្ត។
សមត្ថកិច្ចដដែលបន្ថែមថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះដែរ ទាហានថៃបានឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី សរុប៧នាក់ដែលធ្វើការនៅប្រទេសថៃ នាំគ្នារត់ត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពីដឹងថា នៅប្រទេសថៃមានជនជាតិថៃម្នាក់ឆ្លងកូវីដ-១៩ បំប្លែងថ្មី អូ មីក្រុងរួចមក។ ទោះជាយ៉ាងណា
បញ្ហានេះយើងមិនទាន់ទទួលបានព័ត៌មានពីមន្ត្រីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយទេ៕
ដោយ៖ វណ្ណា