ភ្នំពេញ៖ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ថ្ងៃទី០៨ ធ្នូ ថ្ងៃនេះ ម្ចាស់អាជីវកម្មត្រូវផ្អាកសកម្មភាពអាជីវកម្មមួយចំនួន និងហាមលក់គ្រឿងស្រវឹងមួយថ្ងៃ សូមចូលរួមអនុវត្តទាំងអស់គ្នា!
សូមបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានចុះផ្សព្វផ្សាយ និងណែនាំអំពីសារាចរណែនាំលេខ ០១៦ សរណន ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ដល់ម្ចាស់អាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ ក្លឹបកម្សាន្ត និងស្រាក្រឡុក ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខបានសរុបចំនួន ៣០ទីតាំង ។
គួរំលិកផងដែថា៖ក្រសួងទេសចរណ៍ បានចេញលិខិតស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងសកម្មភាពលក់គ្រឿងស្រវឹង រយៈពេលមួយថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រសួងទេសចរណ៍ ក៏បានចេញនូវសារាចរណែនាំឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅ ទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ ថ្ងៃ គឺនៅ ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២១ ។ ជាងនេះទៅ ទៀត ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។ ចំពោះប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់៕
ដោយ៖ចន្ទ លីហ្សា