ខេត្តរតនគិរី ៖ មនុស្សម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត និងពីរនាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលដោយសារជិះម៉ូតូឌុបគ្នាលឿនពេកបាត់បង់ម្ចាស់ការទៅបុកសត្វគោបណ្តាលឱ្យងាប់ ហើយខ្លួនឯងជាអ្នកបើកម៉ូតូក៏ស្លាប់ដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោនេះបានកើតឡើងនៅ
វេលាម៉ោង១៥ៈ៣០នាទីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នៅចំណុចអូរសាប លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
តាមប្រភពពីអធិការនគរបាលស្រុកកូនមុំបានឱ្យដឹងថា ម៉ូតូមួយគ្រឿងនោះជិះគ្នា ៣នាក់ទាំងអ្នករួមដំណើរ ហើយអ្នកបើកបរមានឈ្មោះ សុខ ពី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ព្រោះមានសភាពធ្ងន់ធ្ងរពេកគ្រូពេទ្យសង្គ្រោះមិនបាន។
អ្នករួមដំណើរទី១-ឈ្មោះ ប្រាក់ ថាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសធ្ងន់។ ទី២-ឈ្មោះ ប្រាក់ ថេរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់ អ្នកទាំង ៣នាក់មានទីលំនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពបន្តថា អ្នកទាំងបីជិះម៉ូតូម៉ាក Xsenter ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមានគោញីមួយក្បាលរត់ឆ្លងកាត់ផ្លូវបណ្ដាលឱ្យម៉ូតូបុកពេញទំហឹងតែម្តង។ ក្រោយមក គោញីនោះក៏បានងាប់នៅនឹងកន្លែងផងដែរ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយវត្ថុតាងម៉ូតូត្រូវបានកម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំយកទៅរក្សាទុកដើម្បីបន្តនីតិវិធីតាមក្រោយ៕