ភ្នំពេញ : បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុន ស៊ិន ប៉ិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅទីព្រះមេរុ មុខវត្តបុទមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជានុរាស្ត្រជាច្រើនរូប ដើម្បីចូលរួមថ្វាយព្រះភ្លើង និងថ្វាយព្រះរាជកុសលដល់ព្រះសពជាលើកចុងក្រោយផងដែរ។
សម្ដេចព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា នៅសាធារណរដ្ឋបារាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះ រោគាពាធ នឹងបានដង្ហែរព្រះសពមកតម្កល់នៅព្រះរាជដំណាក់ ស្ថិតនៅតាមបណ្តោយវិថីសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុននឹងដង្ហែរមកទីព្រះមេរុប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព។
ក្នុងវេលាដ៏ក្រៀមក្រំអាឡោះអាល័យជាទីបំផុតនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រទានព្រះភ្លើងថ្វាយដល់ព្រះសពក្នុងបរិយាកាសប្រកបដោយសេចក្ដីក្ដុកក្ដួល រំជួលចិត្ត នឹកស្រណោះជាពន់ពេកចំពោះការយាងចាកឆ្ងាយគ្មានថ្ងៃវិលវិញរបស់ សម្ដេចព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុលដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ ទ្រង់មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គ រួមមាន ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ, ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងព្រះអង្គម្ចាស់ នរោត្តម រណវង្ស។
នាពេលកន្លងមក សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីព្រះអង្គគង់មានព្រះជន្មាយុនៅឡើង ព្រះអង្គទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។
សូមជម្រាបជូនផងដែរថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេស ដើម្បីជាការថ្វាយនូវព្រះកិត្តិយសចំពោះស្នាព្រះហស្ថដែលព្រះអង្គទ្រង់បានបំពេញ និងកសាងចំពោះជាតិ មាតុភូមិដ៏ច្រើន កាលពីព្រះអង្គគង់នៅមានព្រះជន្ម៕
ដោយ ៖ សិលា