ខេត្តឧត្តរមានជ័យ : «ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោកមានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមុិញ ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។ លោក នេត្រ ភក្ត្រា ដែលជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាអធិបតីស្វាគមន៍សត្វដំរីខាវ៉ាន់ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់មានអាយុ ៣៦ ឆ្នាំហើយ និងបានរស់នៅលើជម្រកថ្មីរបស់ខ្លួនក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំមកហើយ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ដោយលាន់មាត់ថា រយៈពេលមួយឆ្នាំដែល ដំរីខាវ៉ាន់រស់នៅក្នុងជម្រកថ្មីដែលកម្ពុជាបានផ្តល់ឱ្យ មានភាពប្លែកខុសពីមកដំបូងក្នុងនោះ ដំរីខាវ៉ាន់បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុនធាត់ជ្រុលដូចមុន និងរូបរាងមានការប្រែប្រួល។ លោកបានបន្ថែមទៀតថា ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំងគឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា។ «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ»។ នេះគឺជាការថ្លែងរបស់ លោករដ្ឋលេខាធិការក្រសួង បរិស្ថាន នេត្រ ភក្ត្រា ដោយលោកបានថ្លែងអំណរគុណដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជា ជាពិសេសលោកឧកញ៉ា សុខ ហុង ដែលបានជួយជ្រោមជ្រែងខ្នះខ្នែងជួយសង្គ្រោះសត្វដំរីនេះជាមួយតារាចម្រៀងដ៏ល្បីរបស់អាម៉េរិកលោកស្រី CHER និងបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ជម្រកថ្មីដល់សត្វដំរីដ៏ឯកោលើលោកមួយក្បាលនេះ។
គួររំឭកថា ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីទទួលដំរីខាវ៉ាន់នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា។ បច្ចុ ប្បន្ននេះ ដំរីខាវ៉ាន់ត្រូវបានបន្តបន្ស៊ាំនឹងការរស់នៅក្នុងព្រៃធម្មជាតិក្នុងទំហំ១២ ហិកតា ហើយនៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ ក្បាល ដែលរហូតមកដល់ពេលនេះ ដំរីខាវ៉ាន់បានធ្វើការទាក់ទង។ ទាំងនេះបានធ្វើឱ្យខាវ៉ាន់ដំរីដ៏ឯកោលែងឯកោទៀតហើយ។ អង្គការដែនជម្រកសត្វព្រៃកម្ពុជាបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការថែរក្សាសត្វដំរីខាវ៉ាន់ និងសត្វដំរីផ្សេងទៀត រួមនឹងសត្វព្រៃនានាក្នុងតំបន់អភិរក្សនោះ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាខួបមួយឆ្នាំនៃការទទួលសត្វដំរីដ៏ឯកោជាងគេលើលោកឈ្មោះខាវ៉ាន់មកលើទឹកដីកម្ពុជា។ លោក នេត្រ ភក្ត្រា បានរំឭកឡើងវិញនូវអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នវ។ នៅលើហ្វេសប៊ុករបស់លោក បានសរសេរថា៖« រំឭកអនុស្សាវរីយ៍ខួបមួយឆ្នាំនៃការទទួលសត្វដំរីដ៏ឯកោជាងគេលើលោកឈ្មោះខាវ៉ាន់មកលើទឹកដីសុវណ្ណភូមិនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺ ២ ថ្ងៃក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកានៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍កើតឡើងជាលើកដំបូង។ ជាការរំឭកព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផង និងព្រលឹងចុងសក់ផង។ រំភើប ព្រោះកម្ពុជាបានផ្តល់ជម្រកថ្មីដល់ដំរីឯកាខាវ៉ាន់មកលើទឹកដីកម្ពុជាដ៏ស្រស់ស្អាត និងលែងរស់នៅឯកោទៀតហើយ។ ព្រលឹងចុងសក់
គឺព្រឹត្តិការណ៍សហគមន៍បានផ្ទុះឡើងនៅសៀមរាបផង ហើយអ្វីដែលធ្វើឱ្យអារម្មណ៍ខ្ញុំច្របូកច្របល់ គឺក្រោយពីបាននាំដំរីខាវ៉ាន់មកដល់ជម្រកថ្មី បានទទួលដំណងថាជនបរទេសម្នាក់ដែលជាក្រុមការងារពេទ្យសត្វអមដំរីខាវ៉ាន់មកពីប្រទេសប៉ាគីស្ថានត្រូវបានតេស្តរកឃើញដំបូងថាមានវិជ្ជមានកូវីដ១៩។ អារម្មណ៍ពិតជាមិននឹងនឡើយព្រោះពេលនោះ ពិភពលោកបានផ្ទុះពេញបន្ទុក មនុស្សឆ្លងនិងស្លាប់ជាច្រើនរៀងរាល់ថ្ងៃនៅលើពិភពលោក ហើយវ៉ាក់សាំងក៏គ្មាននៅពេលនោះ។ មួយយប់ពេញខ្ញុំសម្រាន្តមិនលក់ ព្រឹកឡើងម៉ោង ៦ ខ្ញុំត្រូវធ្វើដំណើរមកភ្នំពេញដើម្បីតេស្តរកកូវីដ១៩ ព្រោះមិនទាន់មានប្រដាប់តេស្តរហ័សនៅឡើយ។ តែជាភព្វសំណាងដ៏ល្អបំផុត រួចផុតពីបញ្ហាទាំងនេះ ក្រោយការបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រថា អ្នកតេស្តដំបូងវិជ្ជមានកូវីដ១៩ នោះមិនមានវិជ្ជមានទេ ការមើលឃើញថាមានវិជ្ជមានដោយសារតែបុរសនោះធ្លាប់ឆ្លងជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយ តែនៅសល់សំណាក។ ពេលធ្វើដំណើរពីសៀមរាបមកភ្នំពេញទាំងព្រឹកដោយមិនហ៊ានហូបអ្វីសោះ និងមិនហ៊ានឈប់តាមផ្លូវ នៅក្នុងចិត្តរបស់ខ្ញុំពេលនោះ ទោះបីជាខ្ញុំតេស្តទៅវិជ្ជមានកូវីដ១៩ ក៏ខ្ញុំមិនស្តាយក្រោយឡើយ ព្រោះខ្ញុំបានបង្ហាញវត្តមានក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស្វាគមន៍ដំរីឯកោខាវ៉ាន់ និងបានផ្តល់ជម្រកថ្មី ក្តីសង្ឃឹមថ្មី និងជីវិតថ្មីដល់សត្វដំរីអាស៊ីវ័យ ៣៥ ឆ្នាំមួយក្បាលនេះដែលបញ្ជូនមកពីប្រទេសប៉ាគីស្ថាន និងបង្ហាញពីកម្ពុជាជាប្រទេសតូចតែបេះដូងទូលាយ។ នៅថ្ងៃនោះ សារព័ត៌មានជាង ៧០០០ បានចុះផ្សាយ ព័ត៌មាននៃការមកដល់របស់ដំរីខាវ៉ាន់មកកម្ពុជា។ ជាព្រឹត្តិការណ៍ល្បីកក្រើកពិភពលោកលើកទី២ របស់កម្ពុជា បន្ទាប់ពីរឿងរ៉ាវនៃនាវាវើស្តែរដាំ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលពិភពលោកស្គាល់កម្ពុជាថាជាប្រទេសតូច តែមានបវដូងទូលាយ។ ថ្ងៃនោះ ខ្ញុំនិងតារាចម្រៀងដ៏ល្បីឈ្មោះរបស់អាម៉េរិកឈ្មោះ @CHER បានរង់ចាំស្វាគមន៍ការមកដល់របស់ខាវ៉ាន់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប និងបន្តជូនដំណើរខាវ៉ាន់ទាំងយប់ទៅដល់តំបន់អភិរក្សដំរីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទោះបីជាព្រឹត្តិការណ៍ព្រលឹងចុងសក់ តែខ្ញុំពិតជាមានមោទកភាព និងរីករាយក្នុងការលះបង់ដើម្បីបម្រើជាតិមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ»៕