ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួល តាមផ្លូវលំក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញផ្សែងហុយចេញពីបន្ទប់កើតហេតុខាងលើ រួចចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងតទុយយោទឹកជួយបាញ់ពន្លត់ តែដោយមិនអាចគ្រប់គ្រងភ្លើងបានក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់បន្ទប់ដែលរងគ្រោះដោយអគ្គិភ័យមានឈ្មោះ យិន គន្ធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។ មូលហេតុមកពីឆ្លងចរន្តអគិ្គសនី បណ្ដាលឱ្យកើតជាអគ្គិភ័យឆាបឆេះបន្ទប់ជួលអស់ចំនួន១បន្ទប់ទំហំ៤ម៉ែត្រ×៤ម៉ែត្ររងការខូចខាតសម្ភារអស់ទាំងស្រុង តែមិនបណ្ដាលឱ្យឆេះរាលដាលដល់បន្ទប់ ឬផ្ទះអ្នកជិតខាងឡើយ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះបណ្ដាលឱ្យម្ចាស់បន្ទប់ជួលម្នាក់ឈ្មោះ យីន គន្ធា រលាកភ្លេីងរងរបួសហើយរថយន្តចេញជួយបាញ់ទឹកពន្លត់ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប ដោយធ្វើការបាញ់ឲ្យរលត់ទៅវិញជាស្ថាពរនៅម៉ោង ១១និង៥នាទី ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ