ខេត្តស្ទឹងត្រែង : នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្នុងឆ្នាំសិក្សា ២០២០-២០២១។
សមាសភាពអញ្ជើញចូលរួមមាន លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទំាង២ប្រភេទ លោកអភិបាលក្រុងស្ទឹងត្រែង លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបថាខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល មជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងវិទ្យាល័យព្រះរាជបូជនីយកិច្ច មានសរុប ៣៣បន្ទប់ បេក្ខជនសរុបចំនួន៧៧៩នាក់ ស្រីចំនួន ៤១៥ នាក់ ក្នុងនោះបែងចែកចេញជា៖ ១).ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខជន ៦២៨នាក់, ២).ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕