ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងឆ្នាំនេះចិនបានបន្តស្នើដល់ពលរដ្ឋ ពិសេសគឺកម្មករ ពលករ ចំណាកស្រុកកុំទៅផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលមន្ត្រីក្នុងតំបន់បានរឹតត្បិតការធ្វើដំណើរពីតំបន់មួយទៅកាន់តំបន់មួយ។ បច្ចុប្បន្នករណីឆ្លងកូវិដ-១៩ នៅក្នុងសហគមន៍បន្តកើនឡើងខ្ពស់។ កាលពីថ្ងៃទី១១ខែធ្នូ នៅក្នុងខេត្ត Zhejiang មានករណីឆ្លងកូវីដ -១៩ កើនឡើងដល់ទៅ៤៧នាក់ ស្មើ៨០%នៃករណីឆ្លងនៅទូទាំងប្រទេស។ តាមការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលចិន នៅទូទាំងខេត្ត Zhejiang មានករណីឆ្លងក្នុងសហគន៍ដល់ទៅ១៣៩នាក់ ក្នុងរយៈពេល ១សប្តាហ៍កន្លងមក។ ជាមួយនឹងយុទ្ធសាស្ត្រគ្មានកូវីដ-១៩ «Zero Covid» និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានសម្រេចស្នើដល់ពលរដ្ឋមិនត្រូវធ្វើដំណើរផ្លូវឆ្ងាយឡើយ ប្រសិនបើមិនមានការចាំបាច់ ពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ជាច្រើនទសវត្សរ៍កន្លងមកហើយ នៅក្នុងប្រទេសចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី គឺមានពលរដ្ឋធ្វើដំណើរច្រើនបំផុតនៅលើពិភពលោក ភាគច្រើនជាកម្មករ ពលករ ទៅធ្វើការនៅស្រុកឆ្ងាយត្រូវត្រឡប់មកផ្ទះជួបជុំគ្រួសារ។ ប៉ុន្តែដោយសារកូវិដ-១៩ កាលពីឆ្នាំទៅមិនមានពលរដ្ឋធ្វើដំណើរនោះឡើយ ដោយសារតែច្បាប់ហាមប្រាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅក្នុងឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែលរដ្ឋាភិបាលចិនស្នើពលរដ្ឋទទួលចូលឆ្នាំថ្មីនៅនឹងកន្លែង បញ្ចៀសការធ្វើដំណើរទៅស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩៕ ដោយសាធី
រូបថត៖plo.vn.