រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា អាមេរិកបានប្តេជ្ញាមិនទុកឱ្យការប្រកួតប្រជែងរវាងអាមេរិក នឹងចិនក្លាយទៅជាសង្គ្រាមប្រដាប់អាវុធនោះឡើយ ដោយលទ្ធផលរបស់វា គឺពិតជាអាក្រក់ អាចក្លាយជាសោកនាដកម្មរបស់ពិភពលោក។
លោក Antony Blinken បានបញ្ជាក់ពេលបំពេញទស្សនកិច្ចទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ថា «ប្រធានាធិបតីបៃឌិន បាននិយាយជាមួយប្រធានាធិបតីចិន ស៊ី ជីនពីងកាលពីខែមុនថា យើងបានចែករំលែកពីទស្សនៈការទទួល ខុសត្រូវខ្ពស់ ដើម្បីធានាថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរនឹងមិនក្លាយទៅជាសង្គ្រាមបង្ហូរឈាមនោះឡើយ»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងលើកកម្ពស់យុទ្ធសាស្ត្រសេរីភាព និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាពង្រឹងសន្ធិសញ្ញាសម្ព័ន្ធភាពនានា និងសមត្ថភាពការពារជាតិ ព្រមទាំងស៊ើបការណ៍សម្ងាត់ជាមួយបណ្ដាប្រទេសជាដៃគូនៅក្នុងតំបន់។
លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារនេះ នាឱកាសបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី។ លោក Blinken បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីការពារសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់ជាមូលដ្ឋាន ដែលយើងបានកសាងឡើងជាមួយគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកនេះ សំដៅធានាឱ្យបាននូវការបើកចំហ និងសេរីភាព»។
ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី, លោក Antony Blinken នឹងបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃនៅក្នុងសប្ដាហ៍នេះ ហើយនេះគឺជាការបំពេញទស្សនកិច្ចផ្លូវការរបស់លោក លើកដំបូងមកកាន់តំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានស្បថចូលកាន់តំណែងកាលពីខែមករា ដើមឆ្នាំ២០២១៕ដោយ៖សាធី
រូបថត៖Reuters.