ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ សម្រាប់ជំនួបប្រកួតទី៣ ជាមួយក្រុមជម្រើសជាតិឡាវ នៅក្នុងពូល B នៃព្រឹត្តិការណ៍ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី នាវេលាម៉ោង ៤:៣០ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បើទោះបីជាក្រុមកម្ពុជា បានរងនូវការបរាជ័យ២ប្រកួតជាប់ៗគ្នា ជាមួយក្រុមម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏ដោយ។ នេះជាការបញ្ជាក់របស់លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា តាមរយៈសារអេឡិកត្រូនិច ពីសិង្ហបុរី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើយោងតាមរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តាមរយៈផេកផ្លូវការ (Cambodia 2023)CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។
ផេក (Cambodia 2023) បានបន្តថា, គ្រូជំនួយរូបនេះលើកឡើងទៀតថា សម្រាប់ជំនួបទី៣ ជាមួយក្រុមឡាវ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី ល្ងាចថ្ងៃពុធនេះ គឺក្រុមជម្រើសជាតិកម្ពុជា បានប្តេជ្ញាចិត្តជាថ្មីម្តងទៀត បើទោះបីជាការប្រឹងប្រែងប្តេជ្ញាចិត្ត២លើកកន្លងមក បានទទួលនូវរងបរាជ័យក៏ដោយ។
លោកបញ្ជាក់ថា «នេះជាឱកាសថ្មីមួយទៀត ជាមួយក្រុមឡាវ ដើម្បីស្វែងរកពិន្ទុនៅក្នុងពូល B ជូនដល់អ្នកគាំទ្រកម្ពុជាយើង បើទោះបីជាក្រុមកម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តក្តី។ គ្រូជំនួយរូបនេះដាក់ក្តីសង្ឃឹមថា ការប្តេជ្ញាចិត្ត និងសិទ្ធផលរបស់កីឡាករកម្ពុជា នឹងជំរុញឲ្យ១ប្រកួតនេះ អាចនឹងល្អប្រសើរ និងអាចស្វែងរកពិន្ទុដំបូង ក្នុងជំនួបជាមួយក្រុមឡាវ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Suzuki Cup 2020 មាន១០ក្រុមចូលរួម ដោយបែងចែងជាពីរពូល ដោយពូល A រួមមាន៖ ម្ចាស់ផ្ទះសិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ហ៊្វីលីពីន, និងក្រុមទីម័រខាងកើត ខណៈពូល B រួមមាន៖ ក្រុមកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ឡាវ, និងក្រុមវៀតណាម ដែលជាក្រុមការពារម្ចាស់តំណែងជើងឯកឆ្នាំ២០១៨។
ដោយឡែក សម្រាប់៤ប្រកួតរបស់កម្ពុជា គឺក្រុមកម្ពុជាបានចាញ់២ប្រកួតហើយ ក្នុងនោះចាញ់ក្រុមម៉ាឡេស៊ី ១-៣ កាលពីថ្ងៃទី០៦ ខែធ្នូ ចាញ់ក្រុមឥណ្ឌូណេស៊ី ២-៤ ហើយត្រូវប៉ះជាមួយក្រុមឡាវ នៅល្ងាចថ្ងៃពុធ ទី១៥ធ្នូនេះ ខណៈ១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុ ក្នុងពូលB របស់ក្រុមកម្ពុជា ត្រូវជួបជាមួយក្រុមការពារម្ចាស់តំណែងជើងឯក ២០១៨ វៀតណាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១៕
ដោយ : សិលា