ភ្នំពេញ÷នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកNIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី។
នៅក្នុងជំនួបនោះ លោកNIKOLAI PATRUSHEV បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីរុស្ស៊ី Vladimir Putin គោរពជូនសម្ដេចតេជោ ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ លោកក៏បានជម្រាបជូនសម្តេចតេជោថា លោកនឹងខិតខំសហការជាមួយកម្ពុជាធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក NIKOLAI PATRUSHEV តាមរយៈការផ្ដាំផ្ញើរសួរសុខទុក្ខពី ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងបាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ដែលជាគ្រឿងឥស្សរិយយសថ្នាក់រដ្ឋជូនដល់សម្ដេចនៅពេលនេះ។ សម្ដេចតេជោក៏បានឯកភាពចំពោះការ វាយតម្លៃ របស់លោកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចតេជោក៏បានលើកទឹកចិត្តចំពោះលោកNIKOLAI PATRUSHEV ថា ក្រៅពីកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និងក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ ក្នុងព្រះរាជាណាចក្រកម្ពុជាផង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ចំពោះការគាំទ្រ និងជំនួយជាច្រើន ដែលមានតម្លៃ ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនាពេលកន្លងមក៕
ដោយ៖ សូរិយា