ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តតាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ( មានសារធាតុគីមីហាមឃាត់ )ឬទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវនៅលើទីផ្សារ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២៩១គីឡូក្រាម ដែលត្រូវបានដាក់លក់លើទីផ្សារ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីកម្ទេចចោល។
ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោមផងដែរ។
សូមជម្រាបថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានសហកាជាមួយគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការដោះស្រាយវិវាទ និងការដោះស្រាយបណ្ដឹង (Complaints Handling and Dispute Resolution Training) តាមប្រព័ន្ធអនឡាញ (Cisco-Webex) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្តទាំង២៥។
វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងកិច្ចការពារអ្នកប្រើប្រាស់ដោយជំនាញការចំនួន ៥រូប ពីប្រទេសអូស្រ្តាលី និងប្រទេសថៃ លើប្រធានបទចំនួន ០៤ ដែលរួមមាន៖
១- ទិដ្ឋភាពទូទៅនៃដំណើរការដោះស្រាយបណ្ដឹងរបស់ ACCC
“Overview of the ACCC’s complaints handling process.”
២- ទិដ្ឋភាពទូទៅនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) និងគោលការណ៍ណែនាំ ADRរបស់អាស៊ាន
“Overview of Alternative Dispute Resolution (ADR) and ASEAN ADR Guidelines.”
៣- ទស្សនៈរបស់ ACCC លើការដោះស្រាយវិវាទ៖ វិធីសាស្រ្តក្នុងការចូលរួមជាមួយពាណិជ្ជករ និងការចរចាលទ្ធផលដើម្បីដោះស្រាយវិវាទក្រោមច្បាប់អ្នកប្រើប្រាស់
“ACCC perspectives on dispute resolution: Approaches to engaging with traders and negotiating outcomes to resolve disputes under consumer law.”
៤- ទិដ្ឋភាពទូទៅនៃប្រព័ន្ធការពារអ្នកប្រើប្រាស់ថៃ៖ មេរៀនពីបទពិសោធន៍របស់ថៃ
“Overview of Thai Consumer Protection System: Lesson Learn from Thai Experience.”៕ដោយ៖សហការី