ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួន បន្ទាប់ពីយកដាវកាប់ទៅលើបុរសម្នាក់ ខណៈកំពុងអង្គុយផឹកស្រាដោយពុំដឹងមូលហេតុ បណ្ដាលឱ្យជនរងគ្រោះរងរបួសថ្ងាសដេរចំនួន៨ថ្នេរ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី នៅចំណុចមុខផ្ទះឈ្មោះ ក្រែង
ស្ថិតនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុន សុភាព ភេទប្រុស អាយុ៣១ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សួន សាវឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅក្នុងភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ វត្ថុតាងចាប់យកមាន៖
ក្រមាចំនួន០១, ដាវដងដែកផ្លែដែកប្រវែង ០,៦៦ ម៉ែត្រចំនួន០១ដើម, ម៉ូតូC១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង1F-6995 ចំនួន០១គ្រឿង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃុន សុភាព កំពុងអង្គុយផឹកស្រានៅផ្ទះអ្នកជិតខាងជាមួយបក្ខពួករបស់គាត់។ ខណៈកំពុងផឹកស្រាប់តែជនសង្ស័យបានជិះម៉ូតូមកកន្លែងវង់ផឹកស៊ី។ ពេលឃើញជនសង្ស័យមកកន្លែងផឹក ជនរងគ្រោះក៏បានហុចស្រាឱ្យជនសង្ស័យផឹក តែជនសង្ស័យមិនផឹកទេ បែរជាពោលពាក្យថា «អញកាប់អ្ហែងឥឡូវហើយ»។ បន្ទាប់ពីពោលពាក្យរួច ជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់ទៅ។ លុះបានមួយសន្ទុះក្រោយមក ជននេះក៏ត្រឡប់មកវិញ ដោយយកដាវមកជាមួយផង។ពេលមកដល់វង់ផឹក ជនសង្ស័យឈប់ម៉ូតូរួចហើយទាញដាវកាប់ទៅលើជនរងគ្រោះ១ដាវចំលើថ្ងាសខាងឆ្វេងដោយពុំដឹងមូលហេតុ បណ្តាលឱ្យជនរងគ្រោះរបួសដាច់ចេញឈាម ដេរចំនួន៨ថ្នេរ ហើយជនសង្ស័យបានបោះពាក្យថាៈ «ត្រូវប៉ុណ្ណឹងវាមិនងាប់ទេ» និយាយរួច ជនសង្ស័យបានយកក្រមារុំដាវដាក់លើម៉ូតូជិះគេចខ្លួនទៅទិសខាងជើងបាត់ទៅ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ចុះទៅដល់ទីតាំងកើតហេតុស្វែងរកជនបង្កនិងធ្វើការឃាត់ខ្លួនបាន រួចបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំចំនួន០២លើកមកហើយពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ០១លើកនិងហិង្សាដោយចេតនាទៅលើអ្នកដទៃ០១លើក៕
ដោយ៖ ស្អាងជ័យ