ខេត្តមណ្ឌលគិរី៖ បុរសជនជាតិខ្មែរម្នាក់ត្រូវបានកម្លាំងយោធារបស់ប្រទេសវៀតណាមចាប់ខ្លួនពេលឆ្លងព្រំដែនរវាងប្រទេសទាំងពីរដោយសង្ស័យថាមានលាក់គ្រឿងញៀននៅជាប់ខ្លួនផងនោះ។
ការចាប់ខ្លួនជនជាតិខ្មែរវ័យជាង៣០ឆ្នាំរូបនេះ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីដែលទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា៖ មន្រ្តីយោធាព្រំដែនវៀតណាមបានឃាត់ខ្លួនបុរសម្នាក់ ជាជនជាតិខ្មែរ មានវ័យជាង៣០ឆ្នាំ រួមជាមួយនឹងគ្រឿងញៀនជិតមួយគីឡូក្រាម។
សូមបញ្ជាក់ថា សមត្ថកិច្ចព្រំដែនកម្ពុជា បានឱ្យដឹងថា ជនសង្ស័យរូបនោះត្រូវយោធាវៀតណាមប្រចាំការនៅប៉ុស្តិ៍លេខ៧៨៩ ចាប់បានកាលពីវេលាម៉ោង២ និង៤៥ នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ពេលឆ្លងដែនពីកម្ពុជាចូលទៅវៀតណាម តាមច្រករបៀងងាំបាវេ ដោយផ្ទុកគ្រឿងញៀនចំនួន១០កញ្ចប់ធំក្នុងថង់ពណ៌ខ្មៅ ស្មើនឹង៩,៨៨ក្រាម។
សមត្ថកិច្ចបន្តថា ជនសង្ស័យបានត្រូវគេបញ្ជាក់ថា ឈ្មោះ ពេជ្យ ផាន់ណា អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានយោធាប៉ុស្តិ៍លេខ៧៨៩ របស់វៀតណាមបញ្ជួនទៅខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម ដើម្បីបន្តការសាកសួរ។
ចំពោះករណីខាងលើនេះគេនៅមិនទាន់ដឹងច្បាស់ថាតើវាសនារបស់បុរសរូបនេះទៅជាយ៉ាងណានោះទេ ហើយគេសង្ឃឹមថាសមត្ថកិច្ចកម្ពុជានឹងទំនាក់ទំនងជាមួយខាងវៀតណាមដើម្បីបានព័ត៌មានពិតជុំវិញករណីមួយនេះ៕
ដោយ៖ អរុណរះ