ខេត្តព្រះសីហនុ៖ ទីតាំងកាស៊ីណូយីហោ”ទីងស៊ីង” មួយកន្លែងស្ថិតនៅផ្លូវមិត្តភាព ក្រុមអឺ៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានលោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចម្រុះចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មមួយនេះ។
ចំពោះការផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីងនេះ បានធ្វេីឡេីងនៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញកាស៊ីណូនេះមិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងលេខ៩០៧/២១សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តិនានាដែលកំពុងនៅជាធរមាននៅឡើយ។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជំរិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបានតាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
ហេតុដូច្នេះរដ្ឋបាលខេត្តសម្រេចផ្អាកអាជីវកម្មកាស៊ីណូទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្តបានចាត់តាំងកម្លាំងប្រចាំការគ្រប់គ្រងទីតាំងនោះដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះឱ្យបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន។ ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន៕
ដោយ៖ស តារា