លោកចៅសង្កាត់​ជ្រាវ៖​ មាន​ជនល្មើស លួច​ដឹក​បង្គោលរបង​ថ្ម ទៅ​ដាំ​ក្នុង​ត្រពាំង បំណង​រំលោភ​យក​ដីមកធ្វើជា​កម្មសិទ្ធិ​

ចែករំលែក៖

ខេត្ត​សៀមរាប៖ បេី​យោង​តាមប្រភពព័ត៍មានពី​​លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​​ បន្ទាប់ពីមាន​សេចក្តីរាយការណ៍​មួយកាលពីយប់ថ្ងៃទី១៩​ធ្នូ​ មាន​ជនល្មើស បានលួច​ដឹក​បង្គោលរបង​ថ្ម ទៅ​ដាំ​ក្នុង​ត្រពាំង បំណង​រំលោភ​យក​ដីមកធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ខណៈដែល​អាជ្ញាធរ​ កំពុង​កែប្រែ​ត្រពាំង​បុរាណ ឈ្មោះ ត្រពាំង​ហែ​ផ្កា ឱ្យ​​ក្លាយទៅជា​រមណីយដ្ឋានមួយកន្លែង។

លោកចៅសង្កាត់​ជ្រាវ បានបន្តថា​ លុះព្រឹកឡើងលោក​បាន​សុំ​គោលការណ៍ពី​រដ្ឋបាល​ក្រុង​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើ​ការដក​បង្គោល​នេះ យកមក​រក្សាទុក និង​ស្វែងរក ជនល្មើស​ ហើយ​អាជ្ញាធរ​សង្កាត់ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​អប្សរា ចុះទៅ​ដកចេញ និងធ្វើការ​​ស្រាវជ្រាវរកមុខ​ជនល្មើសទាំងនោះ ដើម្បី​ប្តឹងទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។​

ចៅសង្កាត់​រូបនេះ បានបន្ថែមថា ត្រពាំង​បុរាណ ឈ្មោះ ហែ​ផ្កា នេះ ជា​បុរាណ​ដ្ឋា​ន និង​ជា​អតីត ទីក្រុង​រណប​អង្គរ តាំងពី​បុរាណ​មក ហើយ​ត្រពាំង​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ អាជ្ញាធរ​ជាតិ​អប្សរា​។ តាំងពីដើម​មក អាជ្ញាធរ​សង្កាត់ មិនដែល​បាន​បែងចែក ដី​ត្រពាំង​ហែ​ផ្កា​នេះ ឱ្យប្រជាពលរដ្ឋយក​ធ្វើជា​កម្មសិទ្ធិ​នោះទេ គឺ​គ្រាន់តែ​ឱ្យពួកគាត់អាស្រ័យ​ផល​ប៉ុណ្ណោះ​។ ត្រពាំង​នេះ ជា​ត្រពាំង​ដូនតា ដូច្នេះ​ទើប​លោក មានបំណងចង់​រក្សា​វា​ទុក និង​កែប្រែ​ឱ្យ​ក្លាយជា រមណីយដ្ឋាន​ទេសចរណ៍ ដែល​អាច​ឱ្យ​ប្រជា​ពលរដ្ឋ ស្វែងរក​កម្រៃ​បាន​ពី​តំបន់​នេះ ដូច្នេះ​ត្រូវតែ​រក្សា​ការពារ​។​

​សូមជម្រាបថា ត្រពាំង​ហែ​ផ្កា ស្ថិតនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ផ្ទៃដី​ប្រមាណ​ជា ៦ ហិកតា និង​មាន​មាត់​ត្រពាំង ទទឹង ៥០ ម៉ែត្រ ព័ទ្ធជុំវិញ​។ ត្រពាំង​បុរាណ​នេះ នឹងត្រូវ​ជីក​ស្តារ​ជម្រៅ​បី​ម៉ែត្រ និង​ចាក់​បំពេញ មាត់​ត្រពាំង ដើម្បី​រៀបចំ ជា​រមណី​ដ្ឋា​ន​ទេសចរណ៍ ដែល​កិច្ចការ​នេះ អាជ្ញាធរ គ្រោង​នឹង​បញ្ចប់ នៅ​ចុងរដូវ​ប្រាំង ឆ្នាំ​២០២២ ខាងមុខនេះ​​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print