មកទល់ពេលនេះវៀតណាមចាក់វ៉ាកសាំងបានរហូតដល់ទៅជាង ១៣៩លានដូសហើយ ក្នុងនោះអ្នកចាក់បានមួយដូសមានជាង ៧៥លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង៦២លាននាក និង ចាក់ដូសជំរុញបានជាង១,២លាននាក់ ។ ប៉ុន្តែករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមនៅតែខ្ពស់ដដែល បើប្រៀបធៀបនឹងប្រទេសជិតខាង។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទទី២០ធ្នូនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១៤,៩៧៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន ១១ករណីជាករណីនាំចូល ក្រៅពីនេះជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៦១២ករណី ខណៈដែលទីក្រុងហូជីមិញបានរាយការណ៍ចំនួន៦៨៧ករណីដោយមានការធ្លាក់ចុះច្រើន។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តបេនជែ ៩៨៥ករណី, ខេត្តកាម៉ៅចំនួន៩៦៧ករណី និងខេត្តតាយ និញចំនួន៩៤៧ករណី។ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន២២៥នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៥៥,៤៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១០៩,៨៩៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៩,៧៩១នាក់៕ដោយសាធី
រូបថត៖https://baoquangninh.com.vn/