ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូន ជនសង្ស័យជាមេក្លោងកែច្នៃដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ខុសច្បាប់ចំនួន៣នាក់ ដែលសមត្ថកិច្ចបង្ក្រាប នៅខេត្តកំពង់ស្ពឺ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីខាងលេី តំណាងអយ្យការបានបេីកការស៊េីបសួរ ពីបទ ផលិត ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ តាមមាត្រា ៤០ មាត្រា៤៧ មាត្រា ៤៨ និងមាត្រា៣៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម។ រួចបញ្ជូនសុំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តនីតិវិធីរហូតសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ជាបណ្តោះអាសន្ន។
ជនត្រូវចោទទាំង៣នាក់ ១.ឈ្មោះ LY PO HAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ។ ២.ឈ្មោះ YE YONG អាយុ៤៨ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន) និង៣.ឈ្មោះ YE YAN SHOU អាយុ៥៨ឆ្នាំ ជនជាតិចិនសញ្ញាតិខ្មែរ ។
សូមបញ្ជាក់ថា កាលរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើសន្និសិទ្ធកាសែតបង្ហាញពី ស្នាដៃដ៏ធំធេងក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនយ៉ាងសន្ធឹក សន្ធប់មួយនៅខេត្តកំពង់ស្ពឺដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន។
ដែលពិធីនេះ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿ ងញៀន រួមទាំងនាយករងមួយចំនួនទៀតផងដែរ ។
ពិធីបានបង្ហាញវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ១ ៤៨៤ គីឡូក្រាម ដែលបានរឹបអូសពីទីតាំងកែច្នៃនៅក្នុង ក្រុមហ៊ុន(ស៊ីន យិនហ្វេង ខេមបូឌា អ៊ីនដាស់ស្គ្រី ខូអិលធីឌី) ស្ថិត ក្នុងភូមិដំបងដេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ។ ដែលករណីនេះ មានការឃាត់ខ្លួនមនុស្សឃាត់ខ្លួនមនុស្សជាង១០ នាក់ ប៉ុន្តែមាន៤នាក់ ជាមេក្លោងកែច្នៃ ផលិតនិងដឹកជញ្ជូន គ្រឿងញៀន ក្នុងនោះ មានម្នាក់ត្រូវគ្រាប់ស្លាប់ដោយគ្រាប់កាំភ្លើង ខណៈពេលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច គឺ.ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។
ពួកគេជាង១០នាក់មិនត្រូវបាននាំមកបង្ហាញខ្លួនទេ សមត្ថកិច្ច កំពុងស្នើសុំសា្ថប័នអយ្យការបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរក ចាប់ខ្លួនបក្ខពួកថែមទៀត ។
ពិធីនេះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ ថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងចំនួន៣ គោលដៅ គោលដៅទី១ . នៅលើផ្លូវជាតិលេខ៤ ជិតផ្លូវបំបែកស្រែអំបិល ស្រុកកំពង់លីលា ខេត្តព្រះសីហនុ ជាគោលដៅពូនស្ទាក់ចាប់ រថយន្តរបស់ឈ្មួញដឹកគ្រឿងញៀន ដោយមានការផ្ទុះអាវុធស្លា.ប់ មេក្លោងគ្រឿងញៀនម្នាក់ ។
គោលដៅទី២.ឆែក ឆេរទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្នុង ក្រុមហ៊ុន (ស៊ីន យិនហ្វេង ខេមបូឌា អ៊ីនដាស់ស្គ្រី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ដោយមានការរឹបអូសគ្រឿងញៀនប្រភេទកេតាមីនជាង២តោន នឹងសារធាតុគីមីផ្សំចំនួន៨៤តោន និងឧបករណ៍ផលិត គ្រឿងញៀនមួយចំនួនទៀត ។ គោលដៅទី៣. ស្ថិតនៅផ្ទះលេខ ៤០R ផ្លូវR សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
កិច្ចប្រតិបត្តិការនោះធ្វើឡើង កាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី ១២ ខែឆ្នូ ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបាន សហការជាមួយនគរបាលរាជធានី.ខេត្ត ចំនួន៤ ភ្នំពេញ.កំពង់ស្ពឺ. កោះកុង.និងព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការរងនគរបាល ជាតិ ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ថា ប្រតិបត្តិការចុះ បង្ក្រាប់ទីតាំងសិប្បកម្មផលិតគ្រឿងញៀននេះបានប្រើពេលវេលា បើកការស៊ើបអង្កេតអស់រយៈពេល៣ខែទើបឈានដល់ការបង្ក បបានដោយជោគជ័យ ។
លទ្ធផលសរុប ៖ ចាប់ដកហូតគ្រឿងញៀន (កេតាមីន)បានចំនួន ២២៣៧ គីឡូក្រាម និងសារធាតុគីមីផ្សំ៨៤តោន ហើយមនុស្ស ១០ នាក់ បានអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ ចំណែកមេក្លោង៣ នាក់ ដូចមានឈ្មោះខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
បច្ចុប្បន្នជនត្រូវចោទទាំង៣នឆក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្នរងចាំបើកសវនាការកាត់ទោស លើអង្គសេចក្តី៕ ដោយ រ៉ារ៉ា