ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់​ នៅខេត្តព្រះសីហនុ​ ត្រូវកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយប្រើប្រាស់អាវុធខ្លីបាញ់ចំនួន ៣គ្រាប់​ នៅខេត្តព្រះសីហនុ​ រហូតមកទល់ពេលនេះ​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ធ្វើ​ការស្រាវជ្រាវ​បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ ,ជនជាតិវៀតណាម​ម្នាក់​ និង​ជនជាតិ​ខ្មែរ​២នាក់។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ជាក់ស្ដែង​ជនសង្ស័យ៤នាក់នេះ៖ ជនដៃដល់ម្នាក់​ ជាបុរសជនជាតិចិន, ស្ត្រីជនជាតិខ្មែរចំនួន២នាក់ និងស្រ្តីជនជាតិវៀតណាមម្នាក់ (ចរិតប្រុស) ជាអ្នករួមគំនិត។ រីឯ​វត្ថុ​តាងដកហូតបាន៖ អាវុធ ខ្លី១ដើម (CF98-9.ខ្មៅ) បង់២, គ្រាប់9mm ចំនួន១៩គ្រាប់, បំពុងផ្ទប់សម្លេង ១ (ស៊ីឡង់), រថយន្ត ១គ្រឿង ម៉ាក AUDA7 ពណ៌ប្រផេះ, ពិល១ ព្រមទាំងសារធាតុញៀន និងកញ្ឆាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ បានឱ្យដឹងទៀតថា​ ករណីខាងលើ​នេះ​ បានកេីតឡេីង​នៅវេលាម៉ោង១​ និង៣០នាទីរសៀល​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពី​ស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានពី ប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ថា៖ មានបុរសជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកស្នងការ​ បានបញ្ជាក់បន្ថែមថា៖​ ក្នុង​រង្វង់​ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យ​ខាងលេីនេះ​ បានធ្វើឡើងដោយមានកិច្ចសហការល្អជាមួយស្នងការនគរបាលរាជធានី-ខេត្តពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាខេត្តព្រះសីហនុ, រតនគីរី, ស្ទឹងត្រែង, កំពត និងរាជធានីភ្នំពេញ ជាពិសេសក៏មានការចូលរួមពីនាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានព្រហ្មទណ្ឌ ដោយប្រើរយៈពេល១៤ថ្ងៃ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ​ ត្រូវ​បានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត​ នាំយកទៅសាកសួរដេីម្បីបន្តនីតិវិធី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print