មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា ពិភពលោកត្រូវតែសាមគ្គីគ្នា ដើម្បីបញ្ចប់ជំងឺឆ្លងរាលដាលជាសកលគឺកូវីដ-១៩នៅឆ្នាំ២០២២ខាងមុខ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងត្រូវបញ្ចប់ជំងឺឆ្លងកូវីដ-១៩»។ លោកបន្តទៀតថា ការផលិតវ៉ាក់សាំងជំនាន់ទីពីរ និងទីបី ក៏ដូចជាថ្នាំព្យាបាល វិធីសាស្ត្រព្យាបាល…នឹងជួយបញ្ចប់ការឆ្លងរាលដាលកូវីដ- ១៩ ក្នុងឆ្នាំ២០២២។ អគ្គនាយកWHO បានបញ្ជាក់ទៀតថា «សង្ឃឹមថា យើងនឹងប្រែក្លាយវីរុសកូវីដ-១៩ទៅជាជំងឺធម្មតា ងាយស្រួលក្នុងការទប់ស្កាត់ និងព្យាបាល ។ ប្រសិនបើយើងអាចទប់ស្កាត់ការឆ្លងបានក្នុងកម្រិតទាប យើងនឹងបញ្ចប់វាក្នុងពេលដ៏ឆាប់បំផុត។ នៅថ្ងៃទី២០ខែធ្នូ អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា មានពលរដ្ឋជុំវិញពិភពលោកជាង ៣,៣លាននាក់បានស្លាប់ដោយសារកូវីដ-១៩ ។ ចំនួនអ្នកស្លាប់ដោយកូវីដ គឺច្រើនជាងជំងឺ HIV ជំងឺគ្រុនចាញ់ ជំងឺរបេង បូកបញ្ចូលគ្នាក្នុងឆ្នាំ២០២០ ។ លោកបន្តទៀតថា ក្នុងរយៈពេល១សប្តាហ៍ៗនៅលើពិភពលោកមានករណីស្លាប់ ប្រមាណ៥ម៉ឺននាក់៕ ដោយសាធី
រូបថត៖Reuters.