ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយរដ្ឋធានីហាណូយបានជំនួសដំណែងទីក្រុងហូជីមិញ ក្លាយជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេ ។ ប៉ុន្តែទោះមានករណីឆ្លងច្រើន តែវៀតណាមមិនទាន់រកឃើញវីរុសបំប្លែងថ្មីចូលក្នុងប្រទេសនេះនៅឡើយទេ។
នៅថ្ងៃទី ២១ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,៣២៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន ១១ករណីជាករណីនាំចូល ក្រៅពីនេះជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧០៤ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន ៨១៣ករណីដោយមានការធ្លាក់ចុះច្រើន។
ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Cà Mau ចំនួន១,៥៩០ករណី, ខេត្ត Tây Ninh ចំនួន៩៣៩ករណី និងខេត្ត Khánh Hòa ចំនួន៧៩៨ករណី។ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៥០នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៧១,៧៨០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១៦០,០៩០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣០,០៤១នាក់៕