ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយនូវឯកសារផ្ទៃក្នុងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពីលទ្ធផលអង្កេតរបស់ក្រុមការងារដោះស្រាយបណ្ដឹង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធនឹងសំណុំរឿងវិវាទដីធ្លីនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមបណ្តាញសារព័ត៌មាននានា ដែលផ្ដល់ដោយសាម៉ីខ្លួន ដែលជាភាគីនៃវិវាទដើម្បី ដាក់បន្ទុកលើភាគីម្ខាងទៀតក្នុងសំណុំរឿងនេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា មានបេសកកម្មក្នុងការទទួលដឹងដោះស្រាយ
បណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្ស ហើយលទ្ធផលការអង្កេតស្រាវជ្រាវរបស់ក្រុមការងារដោះស្រាយបណ្តឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ្រាន់តែជាមូលដ្ឋានបឋម និងត្រូវប្រគល់ជូនសាមីខ្លួន ដើម្បីប្រើប្រាស់ជា ភស្តុតាងបន្ថែម ដើម្បីការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរនីតិវិធីរបស់តុលាការ និងជូនទៅស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេត និងស្រាវជ្រាវបន្ថែម។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការសោកស្តាយ និងទុកចិត្តចំពោះសាមុីបណ្តឹង ដែលបាន ប្រើប្រាស់ឯកសារផ្ទៃក្នុងនេះ ធ្វើការវាយប្រហារ និងដាក់សម្ពាធដល់ភាគីម្ខាងទៀតក្នុងសំណុំរឿងនេះ តាម បណ្តាញសារព័ត៌មាន ជាសាធារណៈ ដែលខុសពីគោលបំណង និងចេតនាពិតប្រាកដ និងប៉ះពាល់ផងដែរ ដល់វិជ្ជាជីវៈក្នុងការរក្សាការសម្ងាត់នៃការស៊ើបអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបេសកកម្ម ការពារ និងលើកស្ទួយសិទ្ធិមនុស្ស៕
ដោយ៖សិលា