ឆក់កាបូបអ្នកលក់បន្លែពីរនាក់ប្តីប្រពន្ធយកលុយអស់ជាង២លានរៀលពេលត្រលប់ពីទិញបន្លែវិញ

ចែករំលែក៖

ភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធដែលជាអ្នកប្រកបរបរទិញបន្លែលក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបលុយអស់ជាង២លានរៀលខណះជិះម៉ូតូមកពីទិញបន្លែវិញ។
យោងតាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់ រួម​ដំណើរ​ជាមួយ​ប្តី បាន​ជិះ​ម៉ូតូ​វិល​មកពីផ្សារ​ទិញ​អីវ៉ាន់​សម្រាប់​លក់ដូរ​វិញ ក៏​ត្រូវ​ក្រុម​ចោរឆក់​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ដែល​មាន​លុយជាង២​លាន​រៀល ទៅ​បាត់។
លុះ​ពេល​ជន​រង​គ្រោះ​ស្រែក​ដេញ​តាម ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​កៀរ ហើយ​ដក​កូនសោ​ម៉ូតូ​បោះចោល​ទៀត ពិតជាសាហាវមែន។
ចំពោះហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​ផ្លូវជាតិ​លេខ​៤ មុខ​សាលាសង្កាត់​ចោម​ចៅ​៣ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​ខាងលើបានបន្ត​ថា ជន​រង​គ្គ្រោះមានឈ្មោះ ញឹ​ម ម៉ា​លី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សារ​តាំង​កសាង មាន​ប្តី​ឈ្មោះ តាំង ទី​ន អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ​ដូច​គ្នា ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​រំដេង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ចំណែក​លុយកាក់ និង​សម្ភារៈ​ដែល​បាត់បង់​ក្នុង​កាបូប​​នោះ គឺ​មាន​លុយ​ជិត​២​លាន​រៀល លុយ​ដុល្លារ​១០​ដុល្លារ ទូរស័ព្ទ​ដៃ​សាំ​សុង មួយ​គ្រឿង និង​ឯកសារ​មួយ​ចំនួន​ទៀត ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​២​នាក់​ប្តី​បាន​ទៅ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​ទិញ​បន្លែ អីវ៉ាន់ យក​ទៅ​លក់​នៅ​ផ្សារ​តាំង​កសាង លុះ​ធ្វើ​ដំណើរ​វិល​ទៅ​វិញ បាន​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លលេខ៤ពី​លិចទៅ​កើត មក​ដល់​មុខ​សាលាសង្កាត់​ចោម​ចៅ​៣ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JA-1882 បាន​មក​ធ្វើ​សកម្មភាព​ឆក់ ដោយ​សើយ​អាវ​របស់​គាត់ រួច​លូកទាញយក​កាបូបស្ពាយ​របស់​គាត់​បាន​សម្រេច​ហើយ ជនសង្ស័យ​ក៏​ជិះ​រត់គេច​ទៅ​តាម​ផ្លូវជាតិ​លេខ​៣​បាត់​តែ​ម្តង។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ គាត់​ក៏​បាន​ស្រែក រួច​ដេញ​តាម​ពីក្រោយ រហូត​ដល់​មុខ​ខ្លោងទ្វារវត្ត​អង្គ​ត្រគៀត ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ក៏​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មក​កៀរ​ឲ្យ​ឈប់ ហើយ​ក៏​លូក​ដក​យក​កូនសោ​ម៉ូតូ​របស់​គាត់​គប់​ចោល បន្ទាប់​មក​ជនសង្ស័យ​នោះ​ក៏​បន្ត​បើក​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​នាំ​គ្នា​ទៅ​ដាក់​ពា្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​ច្បាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print