ខេត្តមណ្ឌលគិរី ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការសាងសង់ទំនប់ក្រោម និងទំនប់លើ ក្នុងក្រុងសែនមនោរម្យ ដើម្បីធ្វើការកែលម្អសោភ័ណ្ឌភាពក្នុងក្រុង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាផងដែរ។
សូមបញ្ជាក់ថា, ក្រោយជំងឺកូវីដ-១៩ ត្រូវបានស្រាកស្រាន្តស្ទើរទាំងស្រុង ខេត្តមណ្ឌលគិរី ដែលជាខេត្តតំបន់ទេសចរណ៍ធម្មជាតិ បានស្រូបយកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មានចំនួនច្រើន ធ្វើសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋងើបឡើងវិញ។
សូមជម្រាបថា, តាមរយៈការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ប្រជាពលរដ្ឋកម្ពុជាចាក់បានច្រើនជាងគេ គឺលំដាប់លេខ១ ក្នុងតំបន់អាស៊ាន និងលេខ៥ លើពិភពលោក ខណៈកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៧,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៩៦% ៕
ដោយ: សិលា