ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា លោក វង សូត បានថ្លែងថា គោលដៅរបស់ក្រសួងនាពេលបន្ទាប់ពីពង្រឹងនិងកសាងសមត្ថភាពដល់កម្លាំងសេវាសង្គម ដើម្បីជាកម្លាំងចូលរួមដល់ការផ្លាស់ប្ដូរសង្គម ការកសាងសហគមន៍ និងការអភិវឌ្ឍជាមួយសហគមន៍ដែលប្រជាជនត្រូវការ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយសៀវភៅ «ផែនការយុទ្ធសាស្ត្រសម្រាប់ការបណ្ដុះបណ្ដាលកម្លាំងសេវាសង្គមផ្ដោតលើកិច្ចការពារកុមារ ២០២១-២០២៥» នៅព្រឹកថ្ងៃទី២២ ខែធ្នូ។ លោករដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈជំនាញសង្គមកិច្ច ក្នុងគោលបំណងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមពិតជាមានសារៈសំខាន់ដើម្បីផ្ដល់សេវាសង្គមកិច្ចជូនជនរងគ្រោះ និងងាយរងគ្រោះធានាបាននូវប្រសិទ្ធិភាពខ្ពស់។
លោកបានលើកឡើងបន្ថែមផងដែរថា កម្លាំងសេវាសង្គមដែលមានការអភិវឌ្ឍល្អ គឺជាគន្លឹះក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ការកាត់បន្ថយការរើសអើង ការប្រឆាំង និងការផ្លាស់ប្ដូរឥរិយាបទសង្គមទាំងឡាយណាដែលមានគ្រោះថ្នាក់ ក្នុងការការពារនិងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើមនុស្សជាតិ ការបែកបាកគ្រួសារ ដើម្បីសម្រេចបាននូវសង្គមមួយដែលមានលក្ខណៈលើកកម្ពស់និងជំរុញសកម្មភាពចូលរួមដោយគ្មានការរើសអើងសម្រាប់មនុស្សជាតិ។
លោករដ្ឋមន្ត្រីថា៖ «កម្លាំងសេវាសង្គមគឺជាទស្សនៈរួមមួយដែលសំដៅទៅលើអ្នកជំនាញ និងអ្នកជំនាញរង ទាំងក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និងសហគមន៍ ដើម្បីធានានូវការអភិវឌ្ឍ និងសុខុមាលភាព» ។
ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រីក៏បានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ផ្ដល់ឱកាសជាបន្តបន្ទាប់ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍវិជ្ជាជីវៈ ពង្រឹងសមត្ថភាពធនធានមនុស្សផ្ដោតទៅលើការគ្រប់គ្រងទិន្នន័យ និងចែករំលែកព័ត៌មានគ្រប់កម្រិតជាតិនិងក្រោមជាតិ ត្រូវបន្តផ្សាភ្ជាប់ការកសាងយន្តការកម្លាំងសេវាសង្គមមួយដែលមានបិរបទស្របតាមយន្កការតំបន់និងពិភពលោក ពិសេសគឺជំរុញដល់ភាពសកម្មក្នុងការគាំទ្រដល់ប្រព័ន្ធគាំពារសង្គម និងត្រូវបង្កើនកិច្ចសហការជិតស្និទបន្ថែមទៀតជាមួយផ្នែកពាក់ព័ន្ធទាំងអស់ទាំងកម្រិតជាតិនិងអន្តរជាតិ។
ក្នុងឆ្នាំ២០១២ កម្ពុជាមានចំនួនអ្នកផ្ដល់សេវាសង្គមប្រមាណ ១ ៥៥១នាក់ ខណៈការសិក្សានាពេលថ្មីៗនេះឱ្យដឹងថាកម្ពុជាមានកម្លាំងសេវាសង្គមកិច្ច១នាក់ក្នុងចំណោមប្រជាជន ១២ ៥០០នាក់ ទោះជាយ៉ាងណាចំនួននេះនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ការដាក់បញ្ជូលកម្លាំងសេវាសង្គមកិច្ចទៅក្នុងឃុំសង្កាត់ឱ្យបាន១នាក់ឬ២នាក់នោះ ដែលទាមទារឱ្យមានផែនការក្នុងការជំរុញបន្ថែម។
តាមគម្រោងរដ្ឋាភិបាលគ្រោងបង្កើតបុគ្គលិកសេវាសង្គមកិច្ចឱ្យបានជាង៧ពាន់នាក់សរុបទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូអង្គការក្រៅរដ្ឋាភិបាលផងដែរ។ បើតាមលោករដ្ឋមន្រ្តី វង សូត បញ្ជាក់កាលពីកន្លងទៅឱ្យដឹងថាក្រសួងចង់ដាក់អ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២នាក់ក្នុង១ឃុំសង្កាត់ ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមនៅកម្ពុជា ដោះស្រាយឱ្យបាននូវបញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ៕