ខេត្តតាកែវ : បុរសម្នាក់បានរងរបួសធ្ងន់ខណៈរូបគាត់បានជិះម៉ូតូមួយគ្រឿងហើយបានទៅបុកជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២២នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៥-៤៦ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-8393បើកមកពីទិសខាងជើងទៅត្បូងបានបត់ឆ្លងគន្លងផ្លូវទៅកើត បើកបរដោយឈ្មោះ បូ សុខគា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ ព្រៃស្លែង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ហើយបានបុកជាមួយនឹងរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BB -0032 ដែលបើកមកពីទិសខាងត្បូងទៅជើងបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។ ចំណែកអ្នកបើកបរមិនស្គាល់ឈ្មោះទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុក ហើយជំនាញបានត្រួតពិនិត្យនិងធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូបង្កហេតុមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើដោះស្រាយតាមនីតិវិធី៕ដោយ ស សម