ភ្នំពេញ : នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយវិវាទការងារ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត។
ស្របតាមស្មារតីកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលអង្គប្រជុំ បានឯកភាពគ្នានឹងបន្តដោះស្រាយករណីទាមទាររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ចំនួន ៣៦០នាក់ ដែលមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យា ការងារទៅតាមករណីនីមួយៗ។
ក្នុងន័យនេះ ដើម្បីបន្តដោះស្រាយករណីវិវាទនេះ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតអញ្ជើញបងប្អូនកម្មករនិយោជិតទាំង ៣៦០នាក់ និងអ្នកតំណាង របស់ខ្លួនមកធ្វើការដោះស្រាយ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ តទៅ នៅទីស្តីការ ក្រសួង។ គិតត្រឹមម៉ោង ៤រសៀល នេះ មានកម្មករនិយោជិតម្នាក់បានមកចូលរួម និងបានជម្រាបក្រសួងថា ខ្លួនឯកភាពទទួលយកដំណោះស្រាយពីក្រុមហ៊ុន និងត្រៀមខ្លួនជូនដំណឹងទៅក្រុមហ៊ុននៅថ្ងៃស្អែក ហើយ ពលរសៀលនេះ ក្រសួងបានប្រជុំជាមួយតំណាងរបស់បងប្អូនកម្មករនិយោជិតដើម្បីពិនិត្យទៅលើការ គណនាសំណងរបស់និយោជិតកន្លងមក។
ក្រសួងបន្តរងចាំទទួលបងប្អូនកម្មករនិយោជិត ដែលយល់ព្រមទទួលយកលក្ខខណ្ឌដែលបានឯកភាព ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញកន្លងមក និងបន្តជួបជាមួយតំណាងបងប្អូនកម្មករនិយោជិតដើម្បី ពិភាក្សាលើការងារផ្សេងៗ។ សូមបងប្អូន និងអង្គការសហជីព ក៏ដូចជានិយោជិតចូលរួមសហការជាមួយ ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ចប់ករណីវិវាទនេះ ជាជាងការធ្វើកូដកម្ម ដែលនាំឱ្យប៉ះពាល់ដល់ ផលប្រយោជន៍គ្រប់ភាគីពាក់ព័ន្ធ។
ក្រសួងបន្តការពារឱ្យបាននូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និង និយោជក ព្រមទាំងបន្តខិតខំសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនបងប្អូនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩:០០ព្រឹក តទៅ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន រហូតករណីវិវាទនេះត្រូវបានដោះស្រាយបញ្ចប់ស្របតាម ច្បាប់នានាជាធរមាន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិត និងសាធារណជន មេត្តាជ្រាបជា ព័ត៌មាន ក្រសួងនឹងជូនដំណឹងជាបន្តបន្ទាប់ទៀតក្នុងករណីមានវឌ្ឍនភាពនៅរៀងរាល់ពេលមានការជួប ប្រជុំជាមួយតំណាងរបស់បងប្អូន ឬនៅពេលជួបជាមួយបងប្អូនណាមួយដោយផ្ទាល់៕
ដោយ : សុខ ខេមរា